ដោយ ស៊ីវ ម៉េង SIV MENG
ភ្នំពេញ៖ ជាមួយនឹងភាពជោគជ័យ និងអាចនិយាយថាជាបុរីឈានមុខគេមួយនៅកម្ពុជា បុរីប៉េង ហួតទទួលបានការទទួលស្គាល់ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ តើបុរីនេះទទួលបានជោគជ័យយ៉ាងដូចម្តេច លោកស៊ីវ ម៉េងអ្នកយកព៌តមានផ្នែកអចលនទ្រព្យ នៃកាសែតភ្នំពេញប៉ុស្ត៍បានជួបសម្ភាសន៍ពិសេសជាមួយលោកឧកញ៉ាថៃ ម៉េងលីអគ្គនាយកបុរីប៉េង ហួត ដើម្បីស្តាប់ពីទស្សនវិស័យ និងយុទ្ឋសាស្រ្តរបស់លោក ក្នុងការវិនិយោគបុរីនេះ។
តើលោកឧកញ៉ាបានចាប់ផ្តើមវិនិយោគបុរីនេះយ៉ាងដូចម្តេច?
-->
ខ្ញុំបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះនៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់ វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេសច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។
បន្ទាប់ពីសាងសង់ទីតាំងបុរីទី១ នៅផ្លូវលេខ៥៩៨ យើងបានចាប់ផ្តើមវិនិយោគបុរីបន្តមកកាន់ផ្លូវជាតិលេខ១ ដែលមានទំហំដីកើនឡើងដល់ជាង២០គីឡូម៉ែត្រ និងបន្តវិនិយោគនៅគំរោងជាច្រើនទៀត។
ការឌីសាញបុរីនេះ បានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ។

តើរហូតមកទល់ពេលនេះផ្ទះដែលបានសង់ចប់ និងលក់ចេញបានប៉ុន្មានហើយតាំងពីចាប់ផ្តើម?
គិតរហូតមកទល់ពេលនេះ មានផ្ទះជិត១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ៧០០០ ទៅ៨០០០ខ្នងត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ។
អ្វីដែលប្រជាជនក្នុងស្រុក និងភ្ញៀវអន្តរជាតិចាប់អារម្មណ៍ គឺម៉ូតផ្ទះនិងហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងបុរីនេះ តើលោកឧកញ៉ាយកទស្សននៃការរៀបចំបែបផែននគរូបនីយកម្មមកពីណា?
ដោយសារក្រុមហ៊ុនបុរីប៉េង ហូតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេសជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើងក៏អាចសាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។
អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នកមានជីវភាពលំដាប់ខ្ពស់។
អ្វីជាកត្តាកំណត់ស្នូលដែលធ្វើឲ្យបុរីប៉េង ហួតទទួលជោគជ័យរហូតមកទល់ពេលនេះ ក្រៅពីម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ?
អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។ ជាក់ស្តែងយើងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ ព្រោះយើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំនើប សាលារៀនអន្តរជាតិជាដើម។
ងាកមកមើលស្ថានភាពទីផ្សារបុរី តើលោកឧកញ៉ាមើលឃើញដូចម្តេច?
ខ្ញុំគិតថា សម្រាប់បុរីប៉េង ហួតមិនមានបញ្ហាអ្វីនោះទេ វានឹងបន្តរីកចម្រើនបន្តទៀត ព្រោះប្រទេសយើងកំពុងរីកចម្រើន ហេតុនេះយើងនឹងបន្តវិនិយោគបន្ថែមទៀត។ គិតរហូតមកទល់ពេលនេះ យើងបានចំណាយទុនច្រើនមកហើយ។
យើងមានទិសដៅ និងពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលអនាគត។
ក្រៅពីការវិនិយោគដោយជោគជ័យ តើក្រុមហ៊ុនបុរីប៉េង ហួតបានរួមចំណែកជួយដល់ការងារសង្គមយ៉ាងដូចម្តេច?
ក្រុមហ៊ុនបុរីរបស់យើង ក្រៅពីការរកស៊ីទទួលបានប្រាក់ចំណេញហើយ យើងក៏បានផ្តល់ជំនួយមនុស្សធ៌ម ជួយដល់មន្ទីរពេទ្យគន្ឋបុប្ឆាចំនួន១០ម៉ឺនដុល្លារកាលពីសប្តាហ៍មុន និងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាសាលារៀន កសាងវត្តអារ៉ាម និងផ្លូវមួយចំនួនទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាលកម្ពុជា។

មានការលើកឡើងថា ឈ្មោះប៉េង ហួតជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគបុរីនេះ តើពិតទេលោកឧកញ៉ា?
បាទពិតហើយ ពាក្យប៉េងហួត គឺចេញពីឈ្មោះរបស់បងប្រុសខ្ញុំពីររូប ដែលជាស្ថាបនិកបុរីនេះ បងខ្ញុំម្នាក់ឈ្មោះប៉េង និងម្នាក់ទៀតឈ្មោះហួត។
ងាកមកស្ថានភាពនយោបាយកើនកំដៅកាលពីពេលថ្មីៗនេះ តើមានរងផលប៉ះពាល់ដល់ការលក់លំនៅដ្ឋានរបស់បុរីឬទេ?
ស្ថានភាពនយោបាយកាលពីពេលថ្មីៗនេះ រងផលប៉ះពាល់តិចតួច ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយសម្រាប់រយៈពេលវែងមិនមានបញ្ហានោះទេ ដោយសារយើងបានឆ្លងកាត់បទពិសោធន៍ជាច្រើន ប៉ុន្តែក្រោយពេលបោះឆ្នោតអ្វីៗនឹងមានភាពប្រសើរឡើង ហើយយើងនៅតែដំណើរការល្អជាងគេ។
លើសពីអ្វីជាផ្ទះនៅក្នុងបុរី បច្ចុប្បន្នក្រុមហ៊ុនបុរីប៉េង ហួតបានចាប់ផ្តើមវិនិយោគលើខុនដូសម្រាប់លក់ តើហេតុអ្វីដែរ លោកឧកញ៉ា ? ដោយសារទីផ្សារខុនដូល្អប្រសើរឬយ៉ាងណា?
ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕