ដោយៈវឌ្ឈនៈ
ភ្នំពេញៈ មនុស្សមួយចំនួនធំហាក់មានការរារែក ក្នុងការសម្រេចចិត្តទិញផ្ទះ ដើម្បីស្នាក់នៅបានសមរម្យ ហើយត្រូវការពេលវេលាយូរមុននឹងសម្រេចផ្ទះនោះ ហើយពេលខ្លះផ្ទះនោះ ក៏ត្រូវឡើងថ្លៃលើសពីតម្លៃដែលខ្លួនបានស៊ើបសួរដំបូងៗ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញនូវគន្លឹះចំនួន៤ចំនុច អាចជាដើមទុនក្នុងការគិតពិចារណា មុនសម្រេចចិត្តទិញផ្ទះត្រូវនឹងក្ដីប្រាថ្នារបស់ខ្លួន។
យោងតាមការបង្ហោះលើបណ្ដាញសង្គមរបស់លោកច្រឹក សុខនីមប្រធានសមាគមបានឱ្យដឹងថា មុនពេលទិញលំនៅឋានចំនុចដែលគួរគិតនោះរួមមាន ទី១ ទិញផ្ទះក្នុងក្តីស្រមៃរបស់អ្នក ដែលបំពេញចិត្តរបស់លោកអ្នក ( តំបន់ភ្នំ ជាប់មាត់ទឹក តំបន់ពានិជ្ជកម្ម និងឬ សក្តានុពលនានា ) ទី២ បរិយាកាស អ្នកជិតខាងផ្ទះរបស់លោកអ្នក ( អ្នកភូមិផងរបងជាមួយ ភាពងាយស្រួលក្នុងធ្វើដំណើរ និងអាជីវកម្មផងដែរ) ទី៣ គុណភាពសំណង់ និងកេរ្តិ៍ឈ្មោះ របស់ស្ថាបត្យករ និងវិស្វករផងដែរ និងទី៤ មានអាកាសធាតុល្អ ឬហៅជាភាសាទំនើបថា ផ្ទះមានហ៊ុងស៊ុយល្អ ។






