ដោយដែន ចែងចាំង
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកបានសម្រេចចិត្តបោះទុនវិនិយោគ២០០លានដុល្លារអាមេរិក ដើម្បីបង្កើតក្រុមហ៊ុន Cambodia Airways ដែលមានមហិច្ឆតាពង្រីកការហោះហើរក្នុងប្រទេស និងទៅកាន់ពិភពលោក។
នាយកគ្រប់គ្រងផ្នែកទីផ្សារ និងយីហោនៃក្រុមហ៊ុន Cambodia Airways អ្នកនាងសុខ រ៉ាវី បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨នេះថា ក្រោយសម្ពោធនាពេលនេះ ក្រុមហ៊ុនមានបម្រើការហោះហើរក្នុងស្រុក ទៅកាន់ខេត្តចំនួនពីរជារៀងរាល់ថ្ងៃ ក្នុងនោះពីភ្នំពេញទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងតាមការគ្រោងទុកក្នុងខែកក្កដាដូចគ្នានេះ ក្រុមហ៊ុននឹងបើកឲ្យមានជើងហោះហើរបន្ថែមទៀតទៅក្រៅស្រុក គឺពីភ្នំពេញ ពីខេត្តសៀមរាប និងពីខេត្តព្រះសីហនុ ទៅកាន់ម៉ាកាវ ដោយក្នុងមួយសប្តាហ៍មានចំនួនបួនថ្ងៃ។
អ្នកនាងបន្តថា “យើងនឹងនាំយកយន្តហោះថ្មីចំនួន២០គ្រឿងបន្ថែមទៀតមកកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ២០២៣ ខណៈពេលនេះក្រុមហ៊ុនបាននាំយកយន្តហោះថ្មី២គ្រឿងពីអឺរ៉ុប មកប្រតិបត្តិការហោះហើរជាលើកដំបូងសិន”។
អ្នកនាងសុខ រ៉ាវីបានបន្តថា ជើងហោះហើរថ្មីរបស់ក្រុមហ៊ុននាពេលនេះ នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់វិស័យសេដ្ឋកិច្ចដឹកជញ្ជូន និងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។ ក្រុមហ៊ុននេះត្រូវបានវិនិយោគជនជាតិខ្មែរ១០០ភាគរយ។
លោកស្រីខ្លូអេ ឡាប៉េវ នាយកគ្រប់គ្រងទូទៅអាកាសចរអន្តរជាតិភ្នំពេញ យល់ឃើញថា នេះជាសញ្ញាល្អមួយបន្ថែមទៀតសម្រាប់កម្ពុជា ដែលនឹងនាំភ្ញៀវទេសចរណ៍ច្រើនជាងមុន ក៏ដូចជាធុរជន ក៏មានឱកាសដែលនឹងចូលរួមថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ហើយកេរ្តិ៍ឈ្មោះកម្ពុជាជាគោលដៅទេសចរណ៍ នឹងមានការជម្រុញកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕