ទីផ្សារលំនៅដ្ឋាននៅបណ្តាយផ្លូវជាតិលេខ១នៅតែមានលេចធ្លោជាងគេធៀប នឹងផ្នែកផ្សេងៗទៀត

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ ឬខណ្ឌច្បារអំពៅនៅតែសកម្មភាពធម្មតា និងទាក់ទាញគម្រោងលំនៅដ្ឋានជាច្រើន ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈលំនៅដ្ឋាននៅតបណ្តោយផ្លូវនេះឃើញថា មានរីកចម្រើនច្រើនជាងគេ ធៀបនឹងផ្នែកផ្សេងៗក្នុងវិស័យអចលនទ្រព្យ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ ដែលបទពិសោធន៍ជាច្រើនឆ្នំាបានថ្លែងប្រាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ មានការចម្រើនខ្លាំងជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសវិស័យលំនៅដ្ឋាន។

លោកស្រីបានថ្លែងថា “វិស័យអចលនទ្រព្យនៅភ្នំពេញ មានមានការរីចម្រើនទៅទិសទាំងអស់។ តែបើនិយាយអំពី វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ យើងឃើញថា មានការរីកដុះដាលទៅលើអភិវឌ្ឍន៍លំនៅដ្ឋាន ពិសេសចាប់ពីក្បាលស្ពាន់ច្បារអំពៅទៅមុខ១០គីឡូម៉ែត្រ ការអភិវឌ្ឍន៍លំនៅដ្ឋានចាប់កម្រិតមធ្យមឡើងទៅមានច្រើន ហើយចាប់១០គីឡូមែត្រទៅមុខទៀត សម្បូរដោយការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីអាន សុធីតាបានបន្តថា តម្លៃលំនៅដ្ឋានកម្រិតមធ្យមនៅតាមបណ្តោយផ្លូវជាតិលេខ១អាចរកទិញបាន១៥ម៉ឺន ទៅ៣០ម៉ឺនដុល្លារក្នុងមួយយូនីត ហើយតម្លៃលំនៅដ្ឋានតម្លៃសម្យរម្យអាចរកទិញបានចន្លោះពី៣ម៉ឺ ទៅដល់៥ម៉ឺនដុល្លារ ប៉ុន្តែមានវាចម្ងាយឆ្ងាយពីស្ពានច្បារអំពៅ។

លោកស្រីសង្កេតឃើញថា “ការសាងសង់គម្រោងផ្សេងៗ នៅតាមបណ្តោយផ្លូវលេខ១នេះ នៅតែមានសកម្មភាពដំណើរការធម្មតា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩”។ លោកស្រីបន្តថា “ជាធម្មតា សកម្មភាពសាងសង់គម្រោងដំណើរ គឺដោយសារម្ចាស់គម្រោងមានលំហូរសាច់ប្រាក់ល្អ និងការត្រៀមទុកក្នុងការដោះសាយបញ្ហា អំឡុងពេលវិបត្តិណាមួយ”។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ សម្រាប់ការផ្គត់ផ្គង់ លំនៅហដ្ឋានផ្ទាល់ដីនាពេលបច្ចុប្បន្ន បន្ទាបពីខ័ណ្ឌសែនសុខ ជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះ។

ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំណើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here