តើអ្នកជំនាញអចលនទ្រព្យអន្តរជាតិនិយាយពីអ្វីខ្លះទាក់ទងនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា?

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិ បានលើកឡើថា ទីផ្សារលំនៅដ្ឋានលំដាប់ប្រណីតនៅកម្ពុជាចាប់មានការកម្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ខណៈទីផ្សារមួយនេះបានត្រៀមរួចជាស្រេច ក្នុងការសាគមន៍អ្នកជីវភាពធូរធារ ឬអ្នកមានពីបរទេសក្នុងការរស់នៅកម្ពុជា។

លោក Crispian Knowles ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទីផ្សារលំនៅដ្ឋានលំដាប់ប្រណីត ឬលំនៅដ្ឋានតម្លៃថ្លៃនៅកម្ពុជាបាននិងកំពុងមានការរីកចម្រើនខ្លាំង មិនត្រឹមតែនៅតំបន់ជិតទីក្រុង និងជាយក្រុងនោះទេ។

លោកបានថ្លែអបន្តថា ក្នុងរយៈពេល២ខែចុងក្រោយនេះ អ្នកមានជាច្រើនចាប់អារម្មណ៍ ក្នុងការទិញលំនៅដ្ឋានបែបប្រណីត ខណៈវិស័យលំនៅដ្ឋានបែបប្រណីតនៅកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលបានអ្នកមាន សម្រាប់ទាំងការវិនិយោគ និងរស់នៅតាមបែបស៊ីវីល័យក្នុងលំនៅដ្ឋានលំដាប់ប្រណីត។ លោកបានថ្លែងថា តម្រូវការលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារឡើង នៅមានអ្នករកទិញជាបន្តបន្ទាប់ សម្រាប់ប្រជាជនអាចមានលទ្ធភាពទិញសម្រាប់វិនិយោគ ឬទិញសម្រាប់រស់នៅដើម។

លោកបាននិយាយថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែរយៈពេល២ខែចុងក្រោយ វិស័យអចលលនទ្រព្យបែបប្រណីត ចាប់ផ្តើមមានទីផ្សារឡើងវិញ សម្រាប់អ្នកមាន”។

ជាមួយគ្នានេះដែរ លោកបានលើកឡើថា ខុនដូ ក៏ត្រូវបានចាត់ទុកជាប្រភេទលំនៅដ្ឋានផងដែរ ហើយបើនិយាយទីផ្សារខុនដូបែបប្រណីតនៅកម្ពុជា វាមិនមានភាពល្អប្រសើរ ដូចមុនវិបត្តិកូវីដ១៩នោះទេ ប៉ុន្តែទីផ្សារមួយនេះនៅតែទទួលបានអតិថិជនជាបន្តបបន្ទាប់ផងដែរ ដោយសារអតិថិជនរបស់ទីផ្សារមួយនេះ គឺអ្នកទិញពិតប្រាកដ។

លោកបន្តថា មួយវិញទៀត ស្តង់ដារគម្រោងខុនដូបែបប្រណីតនៅកម្ពុជាគឺអាចស្វាគមន៍អ្នកវិនិយោគគ្រប់ទិសទីបាន ដោយសារអ្នកអភិវឌ្ឍន៍គម្រោងបែបនេះផ្តោតលើគុណភាពសាងសង់ និងការរចនាទាំងខាងក្នុង និងខាងក្រៅ ដែលបង្កលក្ខណៈងាយស្រួលការរស់នៅ។

លោកបានថ្លែងថា ឆ្នាំ២០២១គឺពេលវេលាមួយល្អសម្រាប់ការវិនិយោគលើវិស័យអចនទ្រព្យនៅកម្ពុជា ទាំងលំនៅដ្ឋាន និងផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យ ដោយសារសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំនេះ ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោកចាប់ផ្តើបបង្ហាញសញ្ញាវិជ្ជមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here