ដោយៈសុខហេង
ភ្នំពេញៈ អ្នកជំនាញមួយចំនួនបានិយាយថា វិស័យអចលនទ្រព្យអាចនឹងមានដង្ហើមងើបឡើងវិញ ក្រោយវិបត្តិកូវីត១៩ បានធ្វើទុកបុកម្នេញច្រើនក្នុងអំឡុងខែមិនា និងខែមេសាកន្លងមកនេះ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Avance Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងថា ការបើកអោយមានការធ្វើដំណើរ តាមទីសាធារណៈឡើងវិញជារឿងមួយល្អ ។ លោកបន្តថា វិស័យសេដ្ឋកិច្ច វិស័យជំនួញ ក៏ដូចជាវិស័យដីធ្លី ត្រូវពឹងផ្អែក លើការបើកអោយមានចរាចរណ៍ឡើងវិញមួយចំនួនដែរ។
មានន័យថា អ្វីដែលរដ្ឋាភិបាលបានបើកឡើងវិញ ដោយមានការណែនាំអំពីការគោរពវិធានគោលការណ៍សុខភាព ក៏ដូចជាជួយជម្រុញល្បឿនទៅលើការចាក់វ៉ាក់សាំងដលើប្រជាជនទូទាំងប្រទេស ហើយក្នុងនាមលោកជាអ្នកជំនួញដីធ្លីម្នាក់ លោកពិតជាគាំទ្រវិធានការនេះមួយរយភាគរយ។
លោកប៉ូ អ៊ាវគង់បានបញ្ជាក់ថា “មិនមានចំណុចណាល្អជាងនេះនោះទេ ដើម្បីស្តារវិស័យសេដ្ឋកិច្ចកម្ពុជា អោយមានការងើបឡើងវិញ ក៏ដូចជាស្តារសេដ្ឋកិច្ចយើងអោយងើបឡើងវិញបានទាន់ពេលវេលា”។លោកបន្តថា “វាបានផ្តល់នូវចំណុចមួយ ដែលល្អ ខ្លាំង ព្រោះវិស័យអចលនទ្រព្យ ក៏ស្ថិតនៅក្នុងបរិបទមួយនៃវិបត្តិសេដ្ឋកិច្ចដែរ”។
ដូច្នេះការបិទខ្ទប់កន្លងមកនេះលោកគិតថា វិស័យអចលនទ្រព្យបានធ្វើអោយសកម្មភាពអាជីវកម្មមួយចំនួនកាន់តែបន្តធ្លាក់ ព្រោះការណាត់ជួបគ្នាក៏មិនបាន ហើយអចលនទ្រព្យខុសពីវិស័យមួយចំនួនទៀត ដូចជា វិស័យលក់រាយ វិស័យសេវាកម្ម ឬក៏ម្ហូបអាហារអីផ្សេង យើងអាចដឹកជញ្ជូនអោយអតិថិជនបាន តែជាក់ស្តែងវិស័យអចលនទ្រព្យ រាល់ការសម្រេចចិត្ត រាល់ការធ្វើអ្វីមួយវាឆ្លងកាត់បានលុះត្រា តែអតិថិជនយើង ក៏ដូចជាដៃគូបានទៅមើលដល់ទីតាំងជាមុនសិន មិនមែនគាត់មើលព័ត៌មានលើទូរស័ព្ទហើយគាត់សម្រេចចិត្តនោះទេ។
បើសិនជាការបិទខ្ទប់ ធ្វើអោយអាក់ខានសកម្មភាពមួយចំនួន ក្នុងវិស័យអចលនទ្រព្យ សូម្បីតែការទិញ លក់ ឬជួល មានការប៉ះពាល់ខ្លាំងជាងគេ ដូច្នេះហើយការបើកឡើងវិញ នូវសកម្មភាពចរាចរណ៍ឡើងវិញ វាជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីអាចបង្កើតជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជម្រុញដល់អ្នកដែលពាក់ព័ន្ធ ក្នុងវិស័យនេះចាប់ផ្តើមគិតគូរឡើងវិញអំពីវិស័យនេះ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានមានប្រសាសន៍ថា ចរន្តទិញលក់បានងើបឡើងវិញបណ្តើរៗហើយ ហើយការទិញលក់ដីធ្លីមានសកម្មភាពច្រើនជាងគេ ពិសេសខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងតំបន់ដែលមានការអភិវឌ្ឍនានា។
លោកបន្តថា “ទីផ្សារដីធ្លីបានងើបឡើងវិញហើយ ប៉ុន្តែតម្លៃមិនហក់ឡើងនៅឡើយទេ ដោយសារអ្នកវិនិយោគពេលនេះភាគច្រើនស្វែងរកតម្លៃក្រោមទីផ្សារ”៕