ដោយៈ សុខុម
បាងកក: បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានសុទិដ្ឋិនិយមចំពោះឆមាសទី២ ចុងឆ្នាំ២០២១ នេះដោយសារតែកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេស និងកត្តាវិជ្ជមានមួយចំនួនដែលជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
លោក Theerathat Singnarongthon ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Property Perfect (PF) បានលើកឡើងថា កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលបានចាប់ផ្ដើមនៅខែនេះកំពុងផ្ដល់នូវទស្សនវិស័យល្អប្រសើរជាងមុនសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។
លោកបានបន្ថែទៀតថា “នៅឆ្នាំនេះពលរដ្ឋស៊ាំនឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាងឆ្នាំកន្លងទៅ។ ពលរដ្ឋដែលចាក់វ៉ាក់សាំងរួច នឹងមានអារម្មណ៍សុវត្ថិភាពជាងមុននៅក្នុងការចុះទៅមើលទីតាំងគម្រោងនានាដើម្បីទិញផ្ទះ”។
លោកបានគូសបញ្ជាក់ថា តម្រូវការលំនៅដ្ឋានក៏នឹងត្រូវជំរុញដោយសារវិធានការនានារបស់រដ្ឋាភិបាល អត្រាការប្រាក់ទាប និងយុទ្ធនាការទាក់ទាញនានាពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។
ក្រុមហ៊ុន PF បានរក្សាគោលដៅលក់មុនបញ្ចប់គម្រោង (Presale) ចំនួន១៦,៤ពាន់លានបាត (ប្រមាណ៥២៧លានដុល្លារ) និងប្រាក់ចំណូល១៨,២ពាន់លានបាត (ប្រមាណ៥៨៤លានដុល្លារ) សម្រាប់ដំណាច់ឆ្នាំ២០២១។
នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ក្រុមហ៊ុនបានកត់ត្រាការលក់មុនបញ្ចប់គម្រោងចំនួន៣,៤៩ពាន់លានបាត (ប្រមាណ១១២លានដុល្លារ) ដោយធ្លាក់ចុះ១% និងប្រាក់ចំណូល២,៦២ពាន់លានបាត (ប្រមាណ៨៤លានដុល្លារ) ដោយធ្លាក់ចុះ២៩%ឆ្នាំធៀបនឹងឆ្នាំ។
លោក Theerathat Singnarongthon បានលើកឡើងថា “ល្បឿននៃការចាក់វ៉ាក់សាំងជាកម្លាំងចលករដ៏សំខាន់មួយដែលជួយដល់វិស័យសណ្ឋាគារនៅក្នុងឆមាសទី២។ យើងនឹងកាត់បន្ថយការវិនិយោគណាដែលបង្កើតបំណុលខ្ពស់ ហើយផ្ដល់ប្រាក់ចំណេញទាប។ យើងក៏នឹងរិះរកបង្កើតអាជីវកម្មថ្មីៗដែលកំពុងទទួលផលពីវិបត្តិកូវីដ-១៩ ផងដែរ”។
លោកបានបញ្ជាក់ថា ឧស្សាហកម្មគោលដៅថ្មីគឺស្រោមដៃប្លាស្ទិក ដោយផលិតកម្មគ្រោងនឹងចាប់ផ្ដើមនៅខែនេះ។
គម្រោងនានារបស់ក្រុមហ៊ុន PF នៅក្នុងផ្នែកអាជីវកម្មថ្មីនេះនឹងបង្កើតប្រាក់ចំណូលបាន៣ពាន់លានបាត (ប្រមាណ៩៦លានដុល្លារ) នៅត្រឹមដំណាច់ឆ្នាំនេះ និង១០ពាន់លានបាត (ប្រមាណ៣២១លានដុល្លារ) នៅឆ្នាំក្រោយ។
លោកស្រី Athika Boonrodchoo អនុប្រធានផ្នែកបែងចែកមូលធន និងវិនិយោគនៃក្រុមហ៊ុន Sena Development Plc បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីគ្មានគម្រោងថ្មីៗទេនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១ នេះដោយសារតែរលកទី៣ នៃការឆ្លងរាលដាលវីរុសកូវីដ-១៩។ ក្រុមហ៊ុនកំពុងផ្ដោតលើគម្រោងនានាដែលមានស្រាប់។
លោកស្រីបានបន្ថែមថា “ទោះបីជាមានកម្មវិធីចាក់វ៉ាក់សាំងនេះក្ដី ក៏ទស្សនវិស័យរបស់យើងសម្រាប់ទីផ្សារអចលនទ្រព្យក្នុងឆមាសទី២ នៅតែមិនផ្លាស់ប្ដូរពីឆមាសទី១ ដដែល។ យើងគ្មានជំនឿចិត្ត ហើយមិនថាពេលណាទើបការចាក់វ៉ាក់សាំងនឹងឈានដល់១០០%នៃចំនួនប្រជាជននោះទេ”។
ទោះជាយ៉ាងណា ក្រុមហ៊ុន Sena Development Plc នៅតែមានផែនការចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗសរុបចំនួន១៨គម្រោងដែលមានទំហំទឹកប្រាក់សរុប១៦,៨ពាន់លានបាត (៥៤០លានដុល្លារ) នៅក្នុងឆ្នាំ២០២១ នេះ។
ក្រុមហ៊ុន Sena Development Plc លក់មុនបញ្ចប់គម្រោងបាន១,០៥ពាន់លានបាត (៣៤លានដុល្លារ) និងការផ្ទេរកម្មសិទ្ធិ១,៣៤ពាន់លានបាត (៤៣លានដុល្លារអាមេរិក) នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ។
ប្រមាណ៨០%នៃចំនួនសរុបនេះគឺបានពីខុនដូ ដែលលក់មុនបញ្ចប់គម្រោងបាន៨២២លានបាត (២៦,៥លានដុល្លារអាមេរិក) និងការផ្ទេរកម្មសិទ្ធិ១ពាន់លានបាត (៣២លានដុល្លារអាមេរិក)។
ក្រុមហ៊ុន Sena Development Plc កំណត់គោលដៅលក់មុនបញ្ចប់គម្រោង១១ពាន់លានបាត (៣៥៣លានដុល្លារ) និង១០ពាន់លានបាត (៣២១លានដុល្លារ) ត្រឹមដំណាច់ឆ្នាំ២០២១៕