ដោយៈតារា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យនៅមូលដ្ឋានបានអះអាងថា តម្លៃដីក្រុងបូកគោថ្មីកំពុងមានការកម្រើកខ្លាំង និងហក់ឡើងខ្ពស់បន្ទាប់ពីរដ្ឋបាលខេត្តកំពត បានប្រកាសពីការពន្លឿនការសាងសង់អាគាររដ្ឋបាលក្រុងថ្មី។
អគ្គនាយកក្រុមហ៊ុនអចលនព្រទ្យ គង់វង្សប្រណិត លោក គង់ ចាន់ណា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៦ មិថុនានេះថា តម្លៃដីខេត្តកំពតនៅតែថ្លៃ ហើយចរន្តនៃទិញលក់នៅតែមាន ពីព្រោះប្រជាពលរដ្ឋអ្នកមានជីវភាពធូរធា និងអ្នកវិនិយោគមួយចំនួន គាត់បានសម្លឹងឃើញ វិបត្តិកូវីដ១៩ គឺជាឱកាសក្នុងការវិនិយោគ ដោយគ្មានហានិភ័យ។
លោកបន្តថា “ប្រសិនបើមានដីណាលក់នៅក្រោមតម្លៃទីផ្សារ គាត់ទិញភ្លាម នោះគាត់បានចំណេញភ្លេត។ ជាក់ស្តែងបច្ចុប្បន្ន ខណៈដែលខេត្តកំពតកំពុងមានការឆ្លងជំងឺកូវីដ១៩កើនឡើង ចរន្តនៃទីផ្សារទិញលក់ដី នៅក្រុងបូកគោថ្មីកំពុងដំណើរល្អ ហើយតម្លៃកំពុងហើមខ្លាំងណាស់”។
-->

ដោយឡែកចំពោះក្រុងកំពតវិញ ចរន្តនៃការទិញលក់ដីក៏នៅតែមានចរន្ត ហើយគេសង្កេតឃើញមានដីពីរប្រភេទ គឺដីដុំៗ (ដីរៀបទំហំធំរាប់រយហិកតាសម្រាប់អ្នកវិនិយោគធំៗ) និងដីរាយរង(ទំហំតូចៗ)។
យ៉ាងណាក៏ដោយ អ្នកជំនាញខាងវិស័យអលនទ្រព្យរូបនេះ បានបញ្ជាក់ថា ចំពោះដីដែលនៅចម្ងាយចាប់ពី៥គីឡូម៉ែត្រពីក្រុង ក៏មានការធ្លាក់ថ្លៃពី១០ ទៅ១៥ភាគរយផងដែរ ។
ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា ដីនៅក្នុងខេត្តកំពត មិនអាចធ្លាក់ចុះជាងនេះទេ ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគខ្នាតយក្សជាច្រើន បានចូលមករៀបចំដីរួចរាលហើយ រង់ចាំតែឱកាសដែលជំងឺកូវីដ១៩ស្ងប់រលត់ទៅ គេនឹងចាប់ផ្តើមដំណើរការភ្លាម ខណៈដែលក្រុមហ៊ុនវិនិយោគមួយចំនួនទៀត ចាប់ផ្តើមស្ថាបនាជាបណ្តើរៗ ដោយមិនរង់ចាំ ឬគិតអំពីកូវីដ១៩នោះទេ ព្រោះគេជឿជាក់លើជំហ៊របស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលបាន និងកំពុងដុតដៃដុតជើងក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោកCoolor Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកទិញដីនៅតំបន់ទីក្រុងបូកគោថ្មីកំពុងត្រូវប៉ាន់ ដោយសារកម្មភាពវិនិយោគកើនឡើង ពិសេសរដ្ឋបាលខេត្ត និងក្រុមហ៊ុនSokha Hotel Groupបាននិងកំពុងត្រៀមចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ជាតំបន់រដ្ឋបាលទីក្រុងបូកគោថ្មី ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុងនេះមានការអភិវឌ្ឈលឿន និងសម្រេចបានតាមផែនការ។
រដ្ឋាភិបាលគ្រោងវិនិយោគទីក្រុងបូកគោថ្មី ជាទីក្រុងឆ្លាតវៃ ដែលមានភាពស័ក្តិសមនឹងលក្ខខ័ណ្ឌភូមិសាស្រ្ត អាកាសធាតុ និងទេសភាពដ៏ស្រស់ត្រកាលនៃភ្នំបូកគោ៕