ដោយគង់ សូរិយា
ភ្នំពេញ៖ កំនើនទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបានធ្វើឲ្យតម្រូវការកំលាំងពលកម្មក្នុងវិស័យនេះ នឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០៣០ខាងមុខ។នេះបើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍។
លោកប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងពិធីចែកវិ ញ្ញាបនបត្រដល់គ្រូបង្គោល ក្នុងវិស័យនេះនាព្រឹកថ្ងៃទី១១ កក្កដាកន្លងមកថា វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១២.៣ភាគរយនៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង២០២៥ជិត១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។
លោកបន្តថា “ការចូលរួមចែករំលែកចំណេះ របស់គ្រូបង្គោលផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែល្អប្រសើរឡើងដើម្បីប្រកួតប្រជែងការងារនៅក្នុងតំបន់ និងអន្តរជាតិ”។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា តម្រូវការធនធានមនុស្សក្នុងវិស័យនេះពិតជាកើនឡើងខ្លាំង លើបីផ្នែកគឺផ្នែកដឹកនាំ ប្រតិបត្តិ និងថ្នាក់ក្រោម ដែលបច្ចុប្បន្នមានសាលានិងវិទ្យាស្ថានជាច្រើន បានបើកការបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋក្នុងវិស័យនេះច្រើន និងផ្តល់ជូនដោយឥតគិតថ្លៃ។លោកបន្តថា បើសិនជាមិនមានព្រឹត្តិការណ៍ពិភពលោកអាក្រក់អាមួយកើតឡើង ធនធានមនុស្សដែលត្រូវការ និងចំនួនភ្ញៀវទេសចរណ៍ ដែលព្យាករណ៍ដោយរដ្ឋាភិបាល នឹងទទួលបានជោគជ័យ។
លោកបន្តថា “បច្ចុប្បន្នមានអ្នកបំរើការងារក្នុងវិស័យនេះ ដោយផ្ទាល់ចំនួន៦០ទៅ៧០ម៉ឺននាក់ ដែលចំនួននេះមិនទាន់គិតពីអ្នកទទួលផលពីវិស័យនេះ ដោយប្រយោលនៅឡើយទេ”៕