ដោយៈគង់ សូរិយា
កណ្តាលៈ បណ្តារោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបង្ហាញវត្តមាននៅលើផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកពញ្ញាឮ និងស្រុកអង្គស្នូល ខេត្តកណ្តាល ជាតំបន់ដែលមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបថា ផ្លូវក្រវ៉ាត់ក្រុងទី៤អាចចាប់ផ្តើមចេញពីតំបន់នេះ។

ដោយៈគង់ សូរិយា
កណ្តាលៈ បណ្តារោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបង្ហាញវត្តមាននៅលើផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកពញ្ញាឮ និងស្រុកអង្គស្នូល ខេត្តកណ្តាល ជាតំបន់ដែលមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបថា ផ្លូវក្រវ៉ាត់ក្រុងទី៤អាចចាប់ផ្តើមចេញពីតំបន់នេះ។

ទីប្រឹក្សាសមាគមអចកនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ មិថុនាកន្លងមកថា ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេញ បានធ្វើឲ្យរោងចក្រ សហគ្រាសនានាបានចាប់យកទីតាំងផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៤៤ជាមូលដ្ឋានផលិតកម្មរបស់ពួកគេជំនួសវិញ។
លោកបន្តថា “មូលដ្ឋានផលិតកម្មនៃរោងចក្រ សហគ្រាសនៅលើផ្លូវសំខាន់ៗទាំងនេះ ពិតជាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែផ្លូវសំខាន់ៗទាំងនេះបានក្លាយជាច្រកចេញសំខាន់ ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម”។
លោកយិន លាងគង់បានបន្តថា ការណ៍នេះហើយ បានធ្វើឲ្យតម្លៃដីធ្លីនៅលើផ្លូវជាតិសំខាន់ៗទាំងនេះ កើនឡើងក្នុងរង្វង់៥ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយបច្ចុប្បន្នដីនៅលើបណ្តោយផ្លូវនេះ មានតម្លៃចន្លោះពី៣៥ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតជាមធ្យម អាស្រ័យលើទីតាំង ទំហំដី និងសក្តានុពលនៃតំបន់និមួយៗ។
បច្ចុប្បន្នតំបន់ជុំវិញភ្នំឧត្តុង តំបន់ស្របតាមផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកពញ្ញាឮតម្លៃដីបានកើនឡើងយ៉ាងគំហុក ស្របពេលរោងចក្រ សហគ្រាសថ្មីៗកំពុងបង្ហាញខ្លួនត្រៀមត្រា ប៉ុន្តែបញ្ហាកង្វះកម្មករអាចក្លាយជាចំណោទមួយផងដែរនាពេលអនាគត។
លោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា បច្ចុប្បន្នរដ្ឋបាលខេត្តជម្រុញការអភិវឌ្ឍ នៅលើផ្លូវជាតិសំខាន់ៗចំនួន៣ គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ដោយសារតំបន់នេះបានក្លាយជាមូលដ្ឋានចាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោកបន្តថា “ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគ”៕