ដោយៈ ប៊ី
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងផ្នែកខ្លះនៃខេត្តព្រៃវែងនឹងទទួលបានផលវិជ្ជមាន ពីការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ និងទី៤ ដែលនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃទាំងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានថ្លែងនៅចុងសប្តាហ៍កន្លងមកនេះថា ផ្លូវក្រវាត់ក្រុងទី៣និងទី៤ និងការអភិវឌ្ឍន៍មុំ ៣៦០ឌឺក្រេនៃទីក្រុងភ្នំពេញ នឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍនៃសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យតំបន់៣នេះ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងផ្នែកខ្លះនៃខេត្តព្រៃវែងជាដើម។
-->
លោកបានថ្លែងថា “អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ដែលកំពុងផ្សារជាប់ជាមួយរាជធានីភ្នំពេញ ដូចជាខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ផ្នែកខ្លះនៃខេត្តព្រៃវែង ដែលជាតំបន់ និងខេត្តមានសក្ដានុពលខ្ពស់ ព្រមទាំងអភិវឌ្ឍន៍លឿន”។
លោកបានបន្ថែមថា “ដោយសារតែខេត្ត និងតំបន់ទាំងនេះជាកន្លែង ដែលផ្សារជាប់ដោយផ្លូវក្រវាត់ក្រុងទី៣ ទី៤ និងការអភិវឌ្ឍន៍មុំ ៣៦០ឌឺក្រេនៃរាជធានីភ្នំពេញ ដូច្នេះតំបន់ទាំងអស់នេះនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ”។
ជាមួយគ្នានេះដែរលោកបានឱ្យដឹងថា ក្រៅអំពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបាន និងកំពុងមានសក្ដានុពលខ្ពស់ទាំងផ្នែកអចលនទ្រព្យ និងវិស័យទេសចរណ៍ គឺមានខេត្តកែប សៀមរាប និងខេត្តកំពត ដែលជាខេត្តដែលមានសក្ដានុពលខ្ពស់ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរ និងជំរុញដល់វិស័យអចលនទ្រព្យ។
លោកសុខនីមបានបន្ដថា នៅក្នុងខេត្តកែប មានការអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនធំ ពិសេសរីស៊តតូចៗ កំពុងមានវឌ្ឍនភាព រីឯខេត្តកំពតក៏ចាប់ផ្ដើមឡើងពីកំពង់ផែ ជាផ្នែកតូចមួយ សម្រួលការដឹកជញ្ជូន។ ចំណែកខេត្តសៀមរាប ជាខេត្តដែលផ្ដល់សក្ដានុពលខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។

លោកបានឱ្យដឹងទៀតថា មានកត្តាជាច្រើនធ្វើឲ្យខេត្តទាំងនេះ មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ខេត្តសម្បូរដោយធនធានធម្មជាតិ មានប្រាសាទដែលជាកេរ្ដិ៍តំណែលពីដូនតា៕