ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។ ស្របពេលជាមួយគ្នានេះ អតិថិជននឹងទទួលបានកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់កាន់តែពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន ហើយមានរយៈពេលរហូតដល់ 25ឆ្នាំ មិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយត្រូវការត្រឹមតែឯកសារទិញលក់ប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារ ហុង លីអុង ផងដែរ។

ភាពជាដៃគូនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរឱ្យកាន់តែល្អប្រសើរ និងផ្ដល់នូវកម្ចីទិញផ្ទះដែលមានលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេសទៅដល់អតិថិជនរបស់បុរី ប៉េង ហួត។ អ្នកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ការពិត បុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិត ជាមួយនឹងធនាគារ ហុង លីអុង អស់រយៈពេល៤ឆ្នាំមកហើយ ដើម្បីធានានូវការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងៗទៀតទៅដល់អតិថិជនជាច្រើនរបស់បុរី ប៉េង ហួត។ ហើយនៅថ្ងៃនេះដែរ យើងនឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗបន្ថែមទៀតសម្រាប់ ការទិញលំនៅឋាននៅគម្រោង ដឹស្តា មុនីរាហ៍ នេះផ្ទាល់ រួមជាមួយការផ្ដល់ជូនពីធនាគារ ហុង លីអុង ផងដែរ។”









