ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាជ្រើសរើសខេត្តព្រះសីហនុ ដើម្បីគាំទ្រការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃ ជាមួយកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាមួយថវិកា៤៩លានដុល្លារអូស្ត្រាលី (៣៣,៦លានដុល្លារអាមេរិក)។ នេះបើយោងតាមការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី។
លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី កាលចុងខែមិថុនា កន្លងទៅ បានធ្វើសុន្ទរកថាបើកសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពី “ការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ” ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាមួយថវិកា៤៩លានដុល្លារអូស្ត្រាលីរបស់យើង រួមជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ។
លោកគង់ វិតាណៈអភិបាលរងខេត្តព្រះសីហនុ បានធ្វើការបើកសិក្ខាសាលា ដែលផ្តោតលើការជ្រើសរើស និងផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដើម្បីធ្វើការត្រួសត្រាយនៅក្នុងទីក្រុងនេះ ដែលជាផ្នែកមួយនៃការគាំទ្ររបស់យើងតាមរយៈកម្មវិធី3i ។
លោក Anthony Samson បាននិយាយថា “ការជ្រើសរើសគម្រោងទីក្រុងឆ្លាតវៃ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃរបស់យើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អូស្រ្តាលីក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព លើជំងឺរាតត្បាតនេះ”។
យោងតាមស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា ដូចដែលលោកឯកអគ្គរាជទូតរបស់យើងបានលើកឡើង ក្នុងជំនួបជាមួយលោកអភិបាលខេត្តព្រះសីហនុ ថាការប្រកាន់យកនូវវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអភិវឌ្ឍទីក្រុង ធ្វើឱ្យការផ្តល់សេវាប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ បានកាន់តែប្រសើរឡើង”៕