ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរីថ្មីមួយGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងនាព្រឹកថ្ងៃទី៥ កក្កដានេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។
លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។
បុរីGB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។
លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញច្រើននាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។
អ្នកជំនាញអចលនទ្រព្យបានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិនិយមផងដែរ ជាមួយនឹងវត្តមានបុរីGB Residence និងបុរីជាច្រើនទៀតកំពុងសាងសង់នៅតំបន់នេះ។
ស្ថាបនិកនិងជានាយកក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការអភិវឌ្ឍន៍លឿននាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នទីក្រុងកាន់តែរីកធំ កំណើនប្រជារាស្រ្ដ និងជីវភាពកាន់តែប្រសើរសំរាប់ប្រជាពលរដ្ឋ។
លោកបន្តថា “ទោះបីជាកម្ពុជាកំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែតម្លៃដីនៅតំបន់នេះនៅតែកើនឡើង ដោយសារតែមានការវិនិយោគជាបន្តបន្ទាប់ ពីអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ”៕
ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៩៦៤, ២២២, ០៧៩ ៤៤៣ ៧៧៣, ០១០ ៦០០, ៥៨៧, 0១៦ ៩៩៩ 758។