ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញនៅរយៈពេល៥ឆ្នាំខាងមុខនេះ។
លោកបណ្ឌិតបានបន្តថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥ បានដាក់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្មពិសេសមួយ ដោយសារហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់កាន់តែមានភាពងាយស្រួល និងមានសក្តានុពលជំរុញកំនើនសេដ្ឋកិច្ចជាតិ ដូចជា ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិ ការតភ្ជាប់ផ្លូវគោក ផ្លូវរថភ្លើង និងគំរោងសាងសង់ផ្លូវល្បឿនលឿនដែលនឹងសាងសង់នាពេលខាងមុខនេះ។
លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ឋ និងសក្តានុពលរបស់ខេត្តនឹងធ្វើឲ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចធំទី២ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។
លោកសុក ស៊ីផាន់ណាបានបន្តថា “និយាយពីការសាងសង់ខុនដូនៅខេត្តព្រះសីហនុ យើងត្រូវសួរថា តើអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកណាជាគោលដៅ។ បើអ្នកវិនិយោគផ្តោតលើប្រជា ជនក្នុងស្រុកខ្ញុំមិនសូវមានជំនឿចិត្តនោះទេ”។លោកបន្តថា “ប្រជាពលរដ្ឋខេត្តព្រះសីហនុទំនង មិនសូវចាប់អារម្មណ៍ខុនដូច្រើនទេ ពួកគេនៅតែចាប់អារម្មណ៍លំនៅដ្ឋានផ្ទាល់ដី ដោយសារខេត្តនៅសល់ដីទំនេរច្រើន និងមានតំលៃធូរថ្លៃនៅឡើយ”។
ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាននិងកំពងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bayview និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។
លោកច្រឹក សុននីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងថា ដោយសារខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការវិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះ ដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត។
លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់នៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឲ្យមានសោភ័ណភាព និងរៀបរៀបរយជាងមុន គម្រោងសាងសង់ផ្លូវហាយវេពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះ លំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរណ៍ សុទ្ឋតែជាកត្តាហុចសក្តានុពលដល់អ្នកវិនិយោគសាងសង់ខុនដូនៅខេត្តនេះ”។លោកបន្តថា “ពេលបុណ្យទានម្តងៗពិបាករកផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅ ដូច្នេះការទិញខុនដូសម្រាប់លំហែរនឹងជាជំរើសមួយផងដែរ”។
អ្នកវិនិយោគខុនដូមួយរូប ដែលបាននិងកំពុងវិនិយោគខុនដូមួយក្នុងចំណោមខុនដូខាងលើបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា“ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមួយ ដែលមានភាពស្រស់ស្អាត និងជាប៉ូលទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ទី២បន្ទាប់ពីខេត្តសៀមរាប ដូច្នេះខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងសម្រាប់ខុនដូរបស់ខ្ញុំ ព្រោះទីនោះមិនសូវមានខុនដូ និងអូតែលលំដាប់ប្រណីតនៅឡើយ”។
“យើងសាងសង់ខុនដូសម្រាប់ទាក់ទាញជនបរទេស មកប្រទេសរបស់យើង ហើយនៅឆ្នាំ២០១៨ ការចម្រាញ់យកប្រេងកាតពីសមុទ្ររបស់យើង នឹងចាប់ផ្តើមដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ទីនេះ”។ អ្នកវិនិយោគរូបនោះបន្ថែម។
លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនបាយ័នអ៊ែរបានធ្វើការហោះហើររវាងខេត្តសៀមរាប និងរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ និងមានអាកាសចរណ៍មកពីបរទេសធ្វើការហោះហើរលក្ខណៈជួល និងយូរៗម្តងមកកាន់ខេត្តព្រះសីហនុផងដែរ។
លោកបន្តថា “ខេត្តនេះនឹងកាន់តែមានសក្តានុពល និងមានការរីកចំរើនកាន់តែខ្លាំង ប្រសិនជាអាជ្ញាធររក្សាបាននូវហេដ្ឋារចនាសម្ព័ន្ឋ និងបរិស្ថាន ព្រមទាំងសម្បត្តិ ធម្មជាតិទាំងលើគោក និងក្នុងទឹកបានល្អ”។លោកបន្តថា “ជោគជ័យឬមិនជោគជ័យលើការសាងសង់ខុនដូ និងអចលនវត្ថុនៅទីនេះ វាអាស្រ័យលើការអភិរក្សធនធានធម្មជាតិ និងការរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ”។
លោកយន្ត មីនអភិបាលខេត្តព្រះសីហនុបានថ្លែងថា បច្ចុប្បន្នមានខុនដូចំនួនបីបាន និងកំពុងសាងសង់នៅតាមតំបន់ឆ្នេរក្នុងខេត្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។លោកបន្តថា ខេត្តព្រះសីហនុចេះតែបន្តអភិវឌ្ឍន៍ទៅមុខ កាន់តែលឿន ដោយសាររដ្ឋាភិបាលបានរៀបចំខេត្តនេះ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តនេះមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុ ជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ។
លោកបន្តថា “ដោយសារសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ”។លោកបន្តថា “ប្រជាជនក្នុងខេត្តព្រះសីហនុ មានការចាប់អារម្មណ៍លើខុនដូខុនដូច្រើន”៕