ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏ដោយ វិស័យមួយចំនួននៅតែមើលឃើញពីកាសនៃការវិនិយោគ តួយ៉ាងវិស័យអចលនទ្រព្យកម្ពុជាក៏ត្រូវបានមើលឃើញថា នៅតែមានឱកាសវិនិយោគ ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យថ្មីបានបង្កើតឡើង ក្នុងបរិបទនៃកូវីដ១៩នេះ។
អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCNC Real Estateបានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកដុះដាលជាបន្តបន្ទាប់ ហើយមកដល់ពេលវិបត្តិនៃជំងឺកូវីដ១៩នេះដែរ ក៏ឱកាសនៃការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅតែមាន សម្រាប់វិនិយោគិន ដូច្នេះវាក៏ជាឱកាសរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលសំដៅលើក្រុមហ៊ុនភ្នាក់ងារ។
អ្នកនាងបានបន្តថា នៅក្នុងវិបត្តិកូវីដ១៩នេះ យើងមិនអាចប្រកែកបានទេ ពីការជួបផលពិបាក និងបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយមានក្រុមហ៊ុនខ្លះក្ស័យធន និងខ្លះទៀតផ្អាកដំណើរការដោយសារតែហេតុផលផ្សេងទៀត ។ ការបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់លោកអ្នកនាងគឺCNC Real Estate គឺដើម្បីបំពេញភាពខ្វះខាតនិងចន្លោះប្រហោងរបស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
អ្នកនាងបន្តទៀតថា នៅក្នុងប្រតិបត្តិការបើកក្រុមហ៊ុនថ្មីនៅក្នុងប្រទេសកម្ពុជា វាពិតជាពិបាកក្នុងការចាប់យកចំណែកទីផ្សារ ប៉ុន្តែដោយសារតែយើងមានក្រុមអ្នកជំនាញ និងមានវិជ្ជាជីវៈច្បាស់លាស់ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនសេវាជូនអតិថិជន ប្រកបដោយគុណភាព យើងជឿជាក់ថា យើងនឹងទទួលបានទំនុកចិត្តពីអតិថិជន។
អ្នកនាងបាថ្លែងដូច្នេះថា “យើងបង្កើតមកមិនមែនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអចលនទ្រព្យណាមួយនៅក្នុងប្រទេសកម្ពុជា ឬក្រុមហ៊ុនអន្តរជាតិណាឡើយ តែយើងនឹងព្យាយាមសហការជាមួយក្រុមហ៊ុនអចលនទ្រព្យដទៃទៀត ដើម្បីឈានទៅរកជោគជ័យ”។
បើតាមអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបលោកឧកញ៉ាចេង ខេងបានលើកឡើងកន្លងមកថា ថ្វីត្បិតតែភ្នាក់ងារអចលនទ្រព្យមានកំណើននៅរយៈពេលប៉ុន្មានឆ្នាំនេះក្ដី ប៉ុន្តែតម្រូវការអ្នកជំនាញ និងភ្នាក់ងារដែលមានជំនាញ និងវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យនៅតែមានខ្ពស់។
លោកបានបន្តថានៅពេលខាងមុខនេះ នៅពេលចប់កូវីដ១៩ វិនិយោគិនមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគក្នុងវិស័យអចលនទ្រព្យកាន់តែច្រើន ធ្វើឱ្យសេវាកម្មពីអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យក៏មានតម្រូវការកាន់តែច្រើនដែរ។ លោកបន្តថា “បើប្រៀបធៀបនឹងប្រទេសជិខាងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅមានចំនួនតិចតួចនៅឡើយ”៕