ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យ នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា កំពុងមានភាពទាក់ទាញខុសៗគ្នាទៅតាមតំបន់ ជាក់ស្ដែងតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ សំដៅដល់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ កំពុងបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញ វិនិយោគិនទៅលើការអភិវឌ្ឍលំនៅឋាន ។

-->
បើតាមការមើលឃើញជាក់ស្ដែងផ្លូវជាតិល១ និងលេខ៦ យើងឃើញថា ទទួលបានគម្រោងវិនិយោគលំនៅឋានជាបន្តបន្ទាប់ ហើយវាកាន់តែមានភាពទាក់ទាញបន្ថែមទៀត នៅពេលដែលស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាហ៍ចាប់ផ្ដើមសាងសង់ជាផ្លូវការ ។ តាមរយៈស្ពាននេះ នឹងជំរុញឱ្យផ្លូវជាតិលេខ១ដែលមាន ដូចជាតំបន់ច្បារអំពៅ កាន់តែខិតជិតមករាជធានីភ្នំពេញ ។
លោកប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា សក្ដានុពលវិនិយោគនៅជុំវិញរាជធានីភ្នំពេញ មានភាពខុសគ្នាបន្តិចបន្តួច និងបានបែកចែកផ្សេងគ្នា ហើយផ្លូវជាតិលេខ១ ត្រូវបានមើលឃើញថា កំពុងតែមានការអភិវឌ្ឍទៅលើលំនៅឋាន ជាពិសេសលំនៅឋានដែលមានតម្លៃខ្ពស់ ហើយក៏កំពុងមានសក្ដានុពលក្នុងការទាក់វិនិយោគិនបន្ថែមទៀតផងដែរ។
ចំណែកផ្លូវជាតិលេខ៦វិញ ក៏ដូចដែរគ្នាក៏ឃើញថា វិនិយោគិនបាននិងបន្តដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងតំបន់នេះ ។
លោកបន្តថា ផ្លូវជាតិនៅជុំវិញរាជធានីភ្នំពេញ គេឃើញថាបានសាងសង់និងស្ថាបនាថ្មីៗជាបន្តបន្ទាប់ ដែលជាការសម្រួលមួយដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងសម្រួលដល់វិនិយោគិន ក្នុងការបណ្ដាក់ទុនទៅតាមវិស័យនានាផងដែរ ។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានឱ្យដឹងផងដែរថា ទីផ្សារលំនៅឋាននៅក្នុងវិបត្តិកូវីដ១៩នេះ ពិតជាមានផលប៉ះពាល់តែការវិនិយោគនៅតែបន្តជាពិសេសនៅតំបន់ជាយៗរាជធានី។ លំនៅឋានដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារមិនសូវជាប៉ះពាល់ប៉ុន្មានទេ ហើយលំនៅឋានដែលមានតម្លៃខ្ពស់ ចាប់ពី២០ម៉ឺនដុល្លារអាមេរិកឡើងទៅ ក៏មិនសូវប៉ះពាល់ដែរនៅក្នុងបរិបទកូវីដ១៩នេះ។

លោកបន្តថា ប៉ុន្តែសម្រាប់លំនៅឋានដែលមានតម្លៃ ចន្លោះពី៥ម៉ឺនទៅ១០ម៉ឹនដុល្លារមានផលប៉ះពាល់ខ្លាំង ពីព្រោះអ្នកទិញលំនៅឋាននូវតម្លៃទាំងនេះ ភាគច្រើនជាអាជីវករ ដែលបើកអាជីវកម្មនៅតាមផ្ទះ ហើយនៅពេលមានវិបត្តិកូវីដ១៩ អាជីវកម្មទាំងនោះគឺមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕