ក្រុមហ៊ុន Hilton គ្រោងបើកសណ្ឋាគារថ្មីធំបំផុតនៅសឹង្ហបុរី ជាគំរោងធំបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២២

0

ដោយៈឧត្តម

សិង្ហបុរី: ក្រុមហ៊ុន Hilton Hotels Corporation ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចពហុជាតិសាសន៍ដ៏ធំរបស់សហរដ្ឋអាមេរិក មានគម្រោងបើកដំណើរការសណ្ឋាគារប្រណីតថ្មីមួយនៅក្នុងប្រទេសសិង្ហបុរី ដែលធំបំផុតប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

សណ្ឋាគារថ្មីមានឈ្មោះថា Hilton Singapore Orchard ដែលមានបន្ទប់សរុបចំនួន១,០៨០បន្ទប់ខាងលើ នឹងបើកដំណើរការនៅខែមករាដើមឆ្នាំ២០២២ ក្រោយពីការជួសជុលកែលម្អអគាររួចរាល់ជាស្ថាពរ។

អគារសណ្ឋាគារប្រណីតនេះ គឺជាប្រែក្លាយពីសណ្ឋាគារបច្ចុប្បន្ន ដែលមានឈ្មោះថា Mandarin Orchard Singapore។ សណ្ឋាគារថ្មី Hilton Singapore Orchard នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុនអចលនទ្រព្យ OUE Limited និងគ្រប់គ្រងដោយក្រុមហ៊ុន Hilton Hotels Corporation។

លោក Paul Hutton អនុប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Hilton Hotels Corporation ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា “ដោយសារសិង្ហបុរី ជាមជ្ឈម​ណ្ឌលហិរញ្ញវត្ថុឈានមុខ និងជាគោលដៅក្រុងទេសចរណ៍ដ៏សំខាន់មួយ យើងមានសុទិ​ដ្ឋិនិយម ចំពោះសក្កានុពលកំណើនរយៈពេលវែង នៃវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសនេះ នៅពេលសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងពីវិបត្តិកូវីដ-១៩ ហើយការធ្វើដំណើរត្រូវបានអនុញ្ញាតដូចប្រក្រតីឡើងវិញ”។

លោកបានបន្តថា យើងមានសេចក្តីសោមនស្សរីករាយ នឹងចាប់ផ្តើមឆ្នាំថ្មីជាមួយការបើកដំណើរការសណ្ឋាគារ Hilton Singapore Orchard នៅក្នុងទីក្រុងដែលជាច្រកចេញចូលដ៏សំខាន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ហើយបន្តផ្ដល់សេវាបដិសណ្ឋារកិច្ចកម្រិតខ្ពស់ល្បីល្បាញរបស់យើង ដើម្បីស្វាគមន៍ភ្ញៀវគ្រប់រូប ដែលឈានជើចូលសណ្ឋា​គារនេះ”។

ក្រុមហ៊ុន Hilton Hotels Corporation បានចេញសេចក្ដីប្រកាសព័ត៌មានថា ជាមួយបន្ទប់ធម្មតា និងបន្ទប់ស្វីត (Suite) សរុបចំនួន១,០៨០បន្ទប់ សណ្ឋាគារដែលមានអគារខ្ពស់ពីរនេះ នឹងក្លាយជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារធំៗបំផុតក្នុងប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here