រដ្ឋាភិបាលគ្រោងពង្រីកព្រំដែនរាជធានីភ្នំពេញនៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញដើម្បីឆ្លើយតបនឹងភាពរីកចម្រើន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលអាចពង្រីកព្រំដែនរាជធានីភ្នំពេញ នៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ ដើម្បីឱ្យមានមាត្រដ្ឋានដែនដីមួយដូចនឹងទំហំ នៃទីក្រុងធំមួយចំនួននៅក្នុងតំបន់នេះ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រហែល៣០%នៃផលិត​ផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ការពង្រីកព្រំដែននៃការគ្រប់គ្រងរដ្ឋបាលរបស់ទីក្រុងភ្នំពេញ នឹងត្រូវរាប់បញ្ចូលនូវផ្ទៃដី ដែលកាត់ចេញពីខេត្តកណ្តាលផងនោះ នឹងនាំឱ្យមានការថយចុះកម្រិតនៃផលិត​ផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ រាជធានីភ្នំពេញ ក៏នឹងធ្វើឱ្យមានគម្លាតមួយតិច ជាមួយនឹងផលិតផលក្នុងស្រុកសរុបនៅកន្លែង ដទៃទៀតក្នុងប្រទេសកម្ពុជា (រូបភាពទី៥នៃឯកសារឧបសម្ព័ន្ធ)។

ទោះជាផ្ទៃដីសរុបបច្ចុប្បន្នមានចំនួន៦៧៨,៤១៦គម២ (រូបភាពទី៦នៃឯកសារឧបសម្ព័ន្ធ) ក៏ដោយ ក៏ផ្ទៃដីរាជធានីភ្នំពេញ នៅមានលក្ខណៈតូចចង្អៀតនៅឡើយ បើប្រៀបធៀបទៅនឹង ផ្ទៃដីនៃទីក្រុងធំៗនៅក្នុងតំបន់ដូចជា៖

– ទីក្រុងហាណូយ
ទីក្រុងនេះ មានប្រជាជន២,៧លាននាក់ លើផ្ទៃក្រឡា៩១៨គីឡូម៉ែត្រក្រឡាក្នុង នោះមានប្រជាជនចំនួន១៤៤៦, ០០០នាក់រស់នៅក្នុងទីក្រុង(ទីប្រជុំជន)នៅឆ្នាំ១៩៩៩ គឺលើសប្រជាជន រស់នៅក្នុងរាជធានីភ្នំពេញប្រហែល១ /៣ (១០៧៨ ០០០នាក់សម្រាប់ ទីប្រជុំជននៅលើរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅឆ្នាំ១៩៩៨) ក្នុងស្ថានភាពដែល ហាណូយ មានកំណើនប្រជាជនយឺតជាងនៅរាជធានីភ្នំពេញ (២,២%នៅទីប្រជុំជន ហាណូយ រីឯនៅទីក្រុងភ្នំពេញមាន៤,៤) ផ្ទៃដីហាណូយធំជាងផ្ទៃដីរាជធានីភ្នំពេញ២ដងកន្លះ។

– ទីក្រុងហូជីមិញ
ទីក្រុងនេះ មានប្រជាជន៥,៥លាននាក់ (ការប៉ាន់ប្រមាណនៅឆ្នាំ១៩៩៩ នៅលើផ្ទៃដី២,០៩៣គីឡូម៉ែត្រក្រឡា គឺស្មើនឹងប្រជាជននៅរាជធានីភ្នំពេញចំនួន៣ដង ប៉ុន្តែក៏មានព្រំដែនរដ្ឋបាលធំជាង៤ដងដែរ។

យោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ បានឱ្យដឹងថា ដើម្បីឱ្យមានមាត្រដ្ឋានដែនដីមួយ ដូចនឹងទំហំនៃទីក្រុងធំទាំងពីរខាងលើ នៅក្នុងតំបន់នេះ យើងអាចពង្រីកព្រំដែនរាជធានីភ្នំពេញ នៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្ដប់លើផ្ទៃដីខាងជើង ស្ទើរតែទាំងអស់នៃខេត្តកណ្តាល។

បច្ចុប្បន្ន មានប្រជាជនច្រើនជាង១៥០,០០០នាក់ នៃទីប្រជុំជនក្រុងភ្នំពេញ ដែលរស់នៅខាងក្រៅព្រំដែនរាជធានី ពោលគឺនៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាខ្មៅដែលជាផ្លូវចូលភាគខាងត្បូង និងនៅច្រកចូលផ្សេងទៀត តាមបណ្តោយផ្លូវជាតិលេខ១ លេខ៣ លេខ៤ និងលេខ៥។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទី ទៅមកប្រចាំថ្ងៃចូលភ្នំពេញ គឺប្រហែល២៥០, ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ,០០០នាក់។ ដូច្នេះចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២,០០០,០០០នាក់។

ការបោះទីតាំងនៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វ ថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមប ណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រដែលរាប់ពី ព្រំដែនរដ្ឋបាលនៃរាជធានី។

ព្រំដែនរដ្ឋបាលទាំងនេះ បង្កបញ្ហាដល់ការគ្រប់គ្រងក្រុងរួចទៅហើយ ឧទាហរណ៍ដូចជា ការត្រូវផ្គត់ផ្គង់ទឹកស្អាត ឬការគ្រប់គ្រងកាកសំណល់នៃទីប្រជុំជនក្រុង ដែលលាតសន្ធឹងរហូតដល់ ខេត្តកណ្តាល។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើចំណោលប៉ាន់ស្មានថា នឹងមានប្រជាជន ប្រហែល២២៦៦ ២៨៩នាក់ នៅក្នុងទីប្រជុំជនក្រុងភ្នំពេញ ដោយរាប់បញ្ចូលទាំងប្រជាជន នៃឃុំនានាជាប់នឹងទីក្រុងនៃទីប្រជុំជន នៅក្នុងខេត្តកណ្តាលផងដែរ ហើយប៉ាន់ប្រមាណថាមាន ប្រជាជនចំនួន២,៥៤៤,៦៥៩នាក់ ដែលនឹងរស់នៅក្នុងទីក្រុងធំទាំងមូលនោះ។

ដូច្នេះ ប្រជាជនពាក់កណ្តាលនៃខេត្តកណ្តាល នឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការងារនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅនគម្រោងប្លង់គោលនេះ ជាមួយនឹងការរីកឡើងនូវផ្ទៃដីទីក្រុងធំមួយ។ នេះជាបញ្ហាប្រឈម សម្រាប់ការចង់បានប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីមួយធំសម្រាប់ ការធ្វើគម្រោងផែនការអភិវឌ្ឍន៍ ក៏ដូចជារបៀបរបបគ្រប់គ្រងដែលសមស្របបំផុតមួយដើម្បី ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍជារាជធានីភ្នំពេញមួយធំ (Greater Phnom Penh)៕

LEAVE A REPLY

Please enter your comment!
Please enter your name here