ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានសម្តែងសុទិដ្ឋិនិយមពីសំណើរសុំអនុគ្រោះពន្ឋ នាំចូលស្បែកជើងទៅកាន់សហរដ្ឋអាមេរិក ប្រាប់ដល់សមាជិករបស់ខ្លួនពីដំនើរវិវត្តន៍នៃដំណើរការនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ GMAC ប្រាប់ដល់សមាជិករបស់ខ្លួន ដែលPropertyarea.asia ទទួលបាននាព្រឹកថ្ងៃទី៧ វិច្ឆិកានេះបានឲ្យដឹងថា ជាការតាមដានការខិតខំប្រឹងប្រែង របស់សមាគមរោងចក្រកាត់ដេរកម្ពុជា ក្នុងការដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក សម្រាប់ការស្នើសុំអនុគ្រោះពន្ឋ (GSP) សម្រាប់ផលិតផលស្បែកជើងកម្ពុជា សមាគមមានក្តីរីករាយ ក្នុងការជម្រាបរោងចក្រស្បែកជើងទាំងអស់នៅកម្ពុជាឲ្យបានជ្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការអនុគ្រោះពន្ឋ សម្រាប់ផលិតផលស្បែកជើងរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះត្រូវបានដាក់ទៅកាន់ព្រឹទ្ឋសភាអាមេរិក។
-->

យើងមានក្តីរីករាយដែលមានអ្នកគាំទ្រដ៏រឹងមាំ ដែលគាំទ្រច្បាប់នេះទាំងក្នុងរដ្ឋសភា និងព្រឹទ្ឋសភាអាមេរិកនាពេលឥឡូវនេះ។
សេចក្តីជូនដំណឹងរបស់ GMAC បានបន្ថែមថា សមាជិកសភា៣៨នាក់ ដឹកនាំដោយលោក Ralph Norman និងលោក Jim Himes ក៏បានផ្ញើរលិខិតមួយផងដែរទៅគណកម្មការ House Ways and Means ដើម្បីស្នើសុំការអនុម័តច្បាប់ស្តីពីការអនុគ្រោះពន្ឋ ដែលបន្តកម្មវិធីនេះ ពីមុនដំណាច់ឆ្នាំនៅពេលដែលវាអស់សុពលភាព។ សភាអាមេរិកកំពុងផ្តោតទៅលើសេចក្តីព្រាងច្បាប់ស្តីពី ពន្ឋដារនាពេលឥឡូវនេះ ប៉ុន្តែនៅមានឳកាសយ៉ាងហោចណាស់៥០ភាគរយ ដែលសេចក្តីព្រាងច្បាប់ស្តីពីការអនុគ្រោះពន្ឋលើផលិតផលស្បែកជើង នឹងត្រូវអនុម័តមុនដំណាច់ឆ្នាំនេះ៥០ភាគរយ។ ប្រសិនជាច្បាប់នេះមិនត្រូវបានអនុម័តកិច្ចខិតខំប្រឹងប្រែងនឹងបន្តនៅឆ្នាំ២០១។
កម្ពុជាបាននាំចេញផលិតផលស្បែកជើង ទៅកាន់អាមេរិកក្នុងតម្លៃទឹកប្រាក់២៤៥លានដុល្លារកាលពីឆ្នាំ២០១៦។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងផងដែរថា ការអនុគ្រោះពន្ឋបច្ចុប្បន្ន ដែលអនុញ្ញាត្តឲ្យផលិតផលមួយចំនួន ដែលមិនមានលក្ខណៈវេទយិតពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១២០ ចូលទៅសហរដ្ឋអាមេរិកដោយរួចពន្ឋ នឹងត្រូវឆ្លងផុតសុពលភាពនៅថ្ងៃទី៣១ ធ្នូ ឆ្នាំនេះ។ ច្បាប់ស្តីពីការអនុគ្រោះពន្ឋសម្រាប់ផលិតផលស្បែកជើងឆ្នាំ២០១៧ នឹងអនុញ្ញាត្តឲ្យផលិតផលស្បែកជើងពាក់ក្រៅផ្ទះ ព្រមទាំងផលិតផលស្បែកជើងដទៃៗទៀត ដែលផលិតនៅក្រៅសហរដ្ឋអាមេរិកដាក់បញ្ចូលក្នុងកម្មវិធីនេះ៕