ដោយ រ៉ាវី
ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០១៧ ក្នុងការចាក់បញ្ចូលប្រាក់រៀលប្រមាណ ៣,៧ពាន់លានរៀល តាមរយៈការទិញប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃសរុប ៩១៥លានដុល្លារអាមេរិកដោយកើនឡើងប្រមាណ ១១,៤% បើធៀបនឹងឆ្នាំ២០១៦។
ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់រៀល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។ សម្រាប់វិស័យហិរញ្ញវត្ថុនិងធនាគារ ការប្រើប្រាស់ប្រាក់រៀលគឺជាការចាំបាច់ ក្នុងការលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងជាពិសេសផ្តល់ផលចំណេញដល់អតិថិជនផ្ទាល់តែម្តង។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីធនាគារជាតិ ធនាគារពាណិជ្ជនានាបានចាប់ផ្តើមផ្តល់នូវផលិតផល និងសេវាកម្មធនាគារជាប្រាក់រៀល ជាមួយនឹងអត្ថប្រយោជន៍ល្អជាងប្រាក់ដុល្លារ ទៅតាមតម្រូវការរបស់អតិថិជន។
លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឱ្យដឹងលម្អិតថា «ក្នុងនាមជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ធនាគារ CIMB មានមោទនភាព ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងគ្រឹះស្ថានធនាគារ ដោយនាំយកផលិតផលធនាគារជាប្រាក់រៀលដ៏សម្បូរបែប ទាំងទៅលើប្រភេទកម្ចី និងប្រាក់បញ្ញើដល់អតិថិជន។ ស្របតាមការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា យើងនឹងបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីសារៈសំខាន់និងរួមចំណែកនៃការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកទាំងមូលផងដែរ»។
ជាការពិតណាស់ សម្រាប់ប្រតិបត្តិការធនាគារមួយចំនួន ដូចជាការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្ម និងការបង់ពន្ធជាប្រាក់រៀលជាដើម អតិថិជនអាចកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនចំណេញបានច្រើន នៅពេលដែលពួកគេមានគណនីធនាគារជាប្រាក់រៀលស្រាប់ ដោយកាត់បន្ថយនូវហានីភ័យពីអត្រាប្តូរប្រាក់។ ជាមួយគ្នានេះ សម្រាប់ការដាក់ផ្ញើប្រាក់បញ្ញើជាប្រាក់រៀល អតិថិជនក៏ទទួលបានអត្រាការប្រាក់ល្អជាងប្រាក់ដុល្លារអាមេរិកផងដែរ។ សម្រាប់គណនីបញ្ញើប្រាក់រៀលមានកាលកំណត់ ធនាគារ CIMB ផ្តល់ជូនអិតិថិជន នូវអត្រាការប្រាក់ រហូតដល់ ៦% ខណៈដែលអត្រាការប្រាក់ ជាប្រាក់ដុល្លារអាមេរិក ត្រឹមតែ ៤% ប៉ុណ្ណោះ។
តាមរយៈការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ពីសំណាក់ធនាគារជាតិនៃកម្ពុជា ប្រាក់រៀលត្រូវបានរំពឹងថា នឹងមានការចរាចរកើនឡើងជាលំដាប់ ក្នុងប្រទេសកម្ពុជា ដែលជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហើយប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ការប្រើប្រាស់ប្រាក់រៀលតែមួយមុខ ក៏នឹងលើកកម្ពស់កិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិយើង៕