ភ្នំពេញ៖ ទីបំផុតជ័រកៅស៊ូកាន់តែមានតម្លៃល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានធ្លាក់ចុះកាលពីប៉ុន្មានឆ្នាំមុន ដែលបច្ចុប្បន្នជ័រកៅស៊ូស្ងួតអាចលក់បានក្នុងតម្លៃរហូតដល់១៦៧២ដុល្លារអាមេរិកក្នុងមួយតោន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល Propertyarea.asiaទើបទទួលបាននាថ្ងៃទី៧ វិច្ឆិកានេះបានឲ្យដឹងថា ផលិតផលជ័រកៅស៊ូរបស់កម្ពុជាក្នុងរយៈពេល៩ខែដំបូងនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយជ័រកៅស៊ូដែលផលិតបានមានចំនួន១១ម៉ឹនតោន កើនឡើងជិត៣ម៉ឺនតោន ស្មើនឹងកំណើន៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងការកើនឡើងផលិតផលជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញជ័រកៅស៊ូក្នុងបរិមាណច្រើន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃយ៉ាងគាប់ប្រសើរផងដែរ ដោយក្នុងនោះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួនជាង១១ម៉ឺនតោនក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ដែលកើនឡើងជិត៣ម៉ឺនតោន ស្មើនឹង៣៣%ធៀបនឹងពេលវេលា៩ខែដំបូងឆ្នាំ២០១៦។