ដោយៈ ប៊ី
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាបង្ហញសក្តានុពលដោយទាញបានបណ្តាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅស្រុក ដើម្បីការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ជាក់ស្តែងខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្តមានឥទ្ធិពលលើវិស័យអចលនទ្រព្យ កំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនតាមរយៈការអភិវឌ្ឍន៍នានាក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។
អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់នៅខេត្តកណ្ដាល ដែលជាប់ព្រំប្រទល់ជាប់ ឬក្បែរទីក្រុងភ្នំពេញ កំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដែលនឹងទាក់ទាញការវិនិយោគលំនៅដ្ឋានបែបទំនើបកាន់តែច្រើនក្នុងតំបន់នោះនាពេលខាងមុខ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានថ្លែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា ចប្ចុប្បន្ន នៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អា (6A) កំពុងតែទាក់ទាញគម្រោងវិនិយោគលំនៅដ្ឋានជាច្រើន ទាំងគម្រោងវិនិយោគរបស់រដ្ឋាភិបាល និងគម្រោងធំៗរបស់វិស័យឯកជងផងដែរ ដែលវាបានជះឥទ្ធិពលដល់តំបន់ក្បែរៗនោះ ជាពិសេសគឺស្រុកមុខកំពូលនេះតែម្ដង ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យនាពេលខាងមុខ។
លោកគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលក៏បានលើកឡើងដែរថា ស្ទើរតែគ្រប់តំបន់ក្នុងខេត្តកណ្ដាល ដែលព័ន្ធជុំវិញរាជធានីភ្នំពេញមានភាពរីកចម្រើនខ្លាំង ហើយលំនៅដ្ឋានកម្រិតមធ្យមបាននឹងកំពុងដើរតួរយ៉ាងសំខាន់ស្របពេលដែលចំនួនប្រជាជនក្នុងខេត្តនេះបានកើនឡើងដល់ជាង១លាននាក់។
ខេត្តកណ្ដាល គឺជាខេត្តមួយ ដែលព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយលើសពីនេះ បាននិងកំពុងទទួលបានគម្រោងវិនិយោគជាច្រើនរាប់ចាប់តាំងពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងបង្កើតរោងចក្រនានាជាដើម៕