វិស័យឯកជនស្នើឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការណ៍អ្នកលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ

0

ដោយ ដែន ចែងចាំង

       ភ្នំពេញ៖ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ឋចាត់វិធានការណ៍ លើហាងលក់វត្ថុអនុស្សាវរីយ៍កន្លែងក្លាយនៅខេត្តសៀមរាប ស្របពេលអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានសម្តែងការព្រួយបារម្ភលើបញ្ហានេះ។

លោក ស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា កន្លងមកក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំលើបញ្ហានេះ តែនៅតែមានអ្នកលក់ផលិតផលក្លែងក្លាយច្រើន ហេតុនេះក្រសួងនិងស្ថាប័នពាក់ព័ន្ឋគួរធ្វើការណែនាំឡើងវិញ និងចាត់វិធានការណ៍ពិន័ន និងដាក់ទោសទណ្ឌ ព្រោះកាតបណ្តោយឲ្យបញ្ហានេះបន្តកើនឡើង វាធ្វើឲ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។

លោកស្រីបន្តថា “ការចាត់វិធានការណ៍ គួរធ្វើឡើងដើម្បីមានទំនុកចិត្តឡើងវិញព្រោះគោលនយោបាយទេសចរណ៍ គឺចង់ឲ្យភ្ញៀវស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន ទិញទំនិញច្រើន”។ លោកស្រីបន្តថា “ប្រតិបត្តិករទេសចរណ៍ ចង់ណែនាំឲ្យភ្ញៀវទិញទំនិ ញតែ យើងមិនហ៊ានណែនាំ ដោយសារតែបញ្ហាទំនុកចិត្ត ហេតុនេះអ្នកលក់គួរនិយាយត្រង់”។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា “បញ្ហានេះយើងធ្វើបានឃើញផ្ទាល់ លឺផ្ទាល់ ហើយយើងពិតជាមានការព្រួយបារម្ភពីបញ្ហានេះ”។

លោក ម៉ូ យ៉ុន យ៉ុន (Mo Yuan Yuan) អគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន តំណាងការិយាល័យប្រចាំខេត្តសៀមរាបកាលពីពេលថ្មីៗនេះ បានបង្ហា​ញក្ដីបារម្ភពីផលប៉ះពាល់ចំនួនទេសចរចិន ដោយសារហាងលក់សម្ភារមួយចំនួន បាននិងកំពុងលក់របស់មិនពិត គ្មានគុណភាព និងមានតម្លៃខ្ពស់ដល់ទេសចរចិន។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា លោកហូ វណ្ឌីបានថ្លែងឲ្យដឹងផងដែរថា កន្លងមក​មានចំណាត់ការពីស្ថាប័នពាក់ព័ន្ឋលើបញ្ហានេះផងដែរ ប៉ុន្តែមិនសូវមានប្រសិទ្ឋិភាពខ្ពស់ដែលធ្វើឲ្យក្រសួង និងវិស័យឯកជនមានការឈឺក្បាលចំពោះបញ្ហានេះ។លោកបន្តថា វាជាជំងឺរុំារ៉ៃជាយូរមកហើយ ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ឋ មន្ទីរទេសចរណ៍ត្រូវចាត់វិធានការណ៍លើបញ្ហាទាំងអស់នេះ។

លោកបន្តថា “ការបណ្តោយឲ្យបញ្ហានេះកើតឡើង វានឹងធ្វើឲ្យបាត់បង់ទំនុកចិត្ត ឈានទៅបាត់បង់ភ្ញៀវ និងបាត់បង់ចំណូលទាំងអស់គ្នា”។លោកបន្តថា “ការបាត់បង់ទំនុកចិត្តជាការបាត់បង់ធំណាស់ ទំនុកចិត្តវាជាTrandmarkរបស់មនុស្ស”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានថ្លែងឲ្យដឹងផងដែរថា បញ្ហានេះយើងបានតវ៉ារយៈពេល២០ឆ្នាំមក​ហើយ ព្រោះហាងខ្លះយករបស់តម្លៃ៣ដុល្លារ លក់ក្នុងតម្លៃ៨០ទៅ១០០ដុល្លារអាមេរិកដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ខ្លះលក់ពេជ្រតម្លៃជាង១ម៉ឺនដុល្លារ តែតម្លៃពិតរបស់ត្បូងត្រឹមតែ៨០ដុល្លារអាមេរិកក៏មាន។លោកបន្តថា កន្លងមកក្រសួងនិងស្ថាប័នពាក់ព័ន្ឋបានណែនាំពីបញ្ហានេះ ប៉ុន្តែប្រសិទ្ឋភាពនៅមានកម្រិត។

លោកបន្តថា “កាលពីប៉ុន្មានឆ្នាំមុនឯកអគ្គរដ្ឋទូតប៉ូឡូញ បានជួបខ្ញុំផ្ទាល់ដើម្បីលើកឡើងពីបញ្ហានេះ មិនត្រឹមតែស្ថានទូតចិននោះទេ”។លោកបន្តថា “អាជ្ញាធរលើកឡើងពីទីផ្សារសេរី ប៉ុន្តែទីផ្សារសេរីគេមិនអនុវត្តន៍បែបនេះទេ ដូចនៅវៀតណាម សាំងហ្កាពួរ ចិន ម៉ាឡេស៊ីជាដើម គេទីផ្សារសេរីដែរ តែមិនប្រព្រឹត្តិបែបនេះទេ”។

លោកធួ​ន ស៊ីណានបានបន្តថា ដំណោះស្រាយបញ្ហានេះ គឺអាជ្ញាធរខេត្តដែលនៅមូលដ្ឋានផ្ទាល់ត្រូវចាត់វិធានការណ៍លើបញ្ហានេះ មិនមែនក្រសួងទេសចរណ៍ទេ តែក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ក៏គួរចូលរួមចាត់វិធានការណ៍លើបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here