តំបន់ចំនួន២នៅភ្នំពេញនិងខេត្តកណ្តាលបង្ហាញភាពលេចធ្លោជាងគេក្នុងការទិញលក់អចលនទ្រព្យ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ដែលបង្កឱ្យមានភាពស្ងប់ស្ងាត់ដល់វិស័យអចលនទ្រព្យនៅកម្ពុជាក៏ដោយ ក៏តំបន់ចំនួន២នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលនៅតែបង្ហាញភាពលេចធ្លោជាងគេ ក្នុងការទិញលក់អចលនទ្រព្យ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល(GRA) បានថ្លែងប្រាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា វិស័យអចលនទ្រព្យនៅក្នុងតំបន់ចំនួន២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញភាពលេចធ្លោជាងគេ ក្នុងការទិញលក់អចលនទ្រព្យ ពិសេសវិស័យដីធ្លី បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកបានថ្លែងថា នៅក្នុងខណ្ឌសែនសុខ មានទីតាំងមួយ ដែលមានការទិញលក់ច្រើន គឺនៅក្នុងសង្កាត់ភ្នំពេញថ្មី។ ពិសេសក្នុងតំបន់ឃ្មួញ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចលនាទិញលក់ពិតជាមានភាពល្អប្រសើរ ដោយសារតំបន់នេះជាតំបន់អភិវឌ្ឍន៍ថ្មី និងការអភិវឌ្ឍផ្លូវច្រើន។

លោកបានបន្តថា ការទិញលក់ដែលចលនាច្រើនមួយទៀត គឺតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (ស្ថិតក្នុងខេត្តកណ្តាល)។ បើធៀបនឹងតំបន់ផ្សេងៗ ពីរតាំងនេះគឺមានចលនាក្នុងការទិញលក់ច្រើនគេ ហើយជាមួយគ្នានេះដែរ តំបន់ស្វាយជុំរ អរិយក្សត្រក៏មានសកម្មភាពទិញលក់ច្រើនដែរ។

លោកបានឱ្យដឹងថា “ទោះបីចច្ចុប្បន្នជំងឺកូវីដ១៩ បំលែងខ្លួនថ្មី (ដែលហៅDelta) ដែលធ្វើឱ្យការទិញលក់អចលនទ្រព្យមានភាពស្ងប់ស្ងាត់ក៏ដោយ ក៏តំបន់មួយចំនួន នៅតែមានសកម្មភាពទិញលក់ ប៉ុន្តែតំបន់នៅក្នុងទីក្រុងភ្នំពេញតែម្តងគឺមានភាពស្ងត់ស្ងាត់ទាក់ទងនឹងការទិញលក់”។

លោកបានឱ្យដឹងទៀតថា ទាក់ទងនឹងការទិញលក់អលនចទ្រព្យនេះ គឺសំដៅការទិញលក់ដីធ្លីតែម្តងនៅតំបន់
ដែលយើងបានលើកឡើងខាងលើនេះ ហើយដោយឡែកទាក់ទងនឹងការទិញបុរីដែលតម្លៃថ្លៃចាប់៥០ម៉ឺន ទៅ៦០ម៉ឺនដុល្លារ នៅតែមានអ្នកទិញដដែល ដោយសារពួកគាត់មានលុយត្រៀមសម្រាប់ទិញស្រាប់ និងមិនមានបញ្ហាក្នុងការទិញផ្ទះប្រភេទនេះនោះទេ។

លោកសំ សុខនឿនរំពឹងថា វិស័យអចលនទ្រព្យនឹងកម្រើកឡើងវិញក្នុងពេលឆាប់ខាងមុខ ដោយសារការគ្រប់គ្រងវិបត្តិជំងឺកូវីដរបស់រាជរដ្ឋាភិបាលបានល្អ ជាមួយការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់ ហើយនឹងអាចឈានដល់ការទទួលបានវិនិយោគបរទេសច្រើនឡើងវិញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា ទោះបីជាស្ថិតនៅពេលវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមមានកម្ពុជាផងដែរ ក៏វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងដំណើរមួយយឺតៗ ធៀបនឹងមុនស័យកូវីដ១៩។

លោកបានថ្លែងដូច្នេះថា “បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ បង្កប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យក៏ជាផ្នែកមួយក្នុងការប៉ះពាល់ ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម”។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន គម្រោងសាងសង់លំនៅដ្ឋាន កំពុងមានភាពលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here