សេដ្ឋវិទូពីររូបៈការររីកចម្រើនអចលនទ្រព្យមិនផ្តល់ផលប្រយោជន៍និងសុខមាលភាពសង្គមនោះទេ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សេដ្ឋវិទូជើងចាស់ និងជើងថ្មីពីររូបបានលើកឡើងស្រដៀងគ្នាថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា មិនផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចច្រើននោះឡើយ ពិសេសមិនបានផ្តល់សុខមាលភាពសង្គមនោះទេ។

លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តម​​ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធ្លាប់ធ្វើការ នៅតាមស្ថាប័នអង្គការសហប្រជាជាតិជាច្រើន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីនេះថា បើនិយាយទៅ ការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ មិនបានផ្តតល់សុខមាលភាពដល់សង្គមរយៈពេលវែងនោះឡើយ ដោយសារអចលនទ្រព្យ ការទិញលក់ ជាលុយ មិនមែនជាសុខមាលភាពសង្គមទេ។

លោកបន្តថា “អាចគិតថាខ្ញុំបុរាណក៏បាន ប៉ុន្តែបើដីធ្លី បើលក់បានលុយ តែលុយនោះយកទៅចាយអស់ ប៉ុន្តែវាមិនបង្កើតលុយជាបន្តច្រើននោះទេ”។ លោកបន្តថា “បើប្រជាជនរក្សាដីទុក លក់បន្តិចបន្តួចយកលុយមកធ្វើកសិកម្ម ឬទាញផលប្រយោជន៍ពីដី គឺមានផលយយូរអង្វែងជាង”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា អចលនទ្រព្យ វាជាសាច់ប្រាក់ ជាសេដ្ឋកិច្ច តែមិនផ្តល់សុខមាលភាពដល់សង្គមច្រើននោះទេ គឺមានតែអ្នកមានលុយវិនិយោគប៉ុណ្ណោះ តែប្រជាជននៅពេលលក់អចលនទ្រព្យអស់ ពួកគេមិនអាចរក្សាបាននូវលុយត្រលប់មកវិញយូរអង្វែងឡើយ។

ជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះបានលើកឡើងផងដែរថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។

លោកបន្តថា “ខណៈពេលដែលកម្ពុជា កំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចលនទ្រព្យឱ្យជាប់ ហើយគួរងាកមកផ្ដោតនិងជំរុញលើវិស័យកសិកកម្ម និងផលិតកម្មវិញ”។លោកបន្ថែមថា “យើងត្រូវព្យាយាមកាត់បន្ថយវិស័យអចលនទ្រព្យ ទប់ឱ្យជាប់ ព្រោះការលូតលាស់នៃវិស័យអចលនទ្រព្យ គឺមិនបានចំណេញដល់ប្រទេសកម្ពុជាទេ តែវាធ្វើឱ្យតម្លៃនៃទ្រព្យសម្បតិ្តកើន ដែលមិនបានជំរុញឱ្យមានផលិតកម្ម ឬបង្កើតប្រាក់ចំណូលទេ”។

លោកគី សេរីវឌ្ឈន៍បានបន្តថា ការដែលអ្នកមានលុយពីក្រៅប្រទេសមកទិញ នឹងធ្វើឱ្យបាត់បង់វប្បធម៌ផលិតកម្មក្នុងស្រុកទាំងអស់ ថ្ងៃក្រោយទៅដី ផ្ទះសម្បែងឡើងថ្លៃដល់កម្រិតកំពូលមួយ ហើយឈប់ឡើងដទៃទៀត យើងនឹងអស់អីទិញ ហើយយើងគ្មានផលិតកម្ម ដូច្នេះយើងនឹងគ្មានអីទទួលទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here