ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈានមុខគេ លើផ្នែកផលិត និងផ្គត់ផ្គង់សម្ភារៈវិស័យសំណង់ បានចូលរួមផ្សព្វផ្សាយឱ្យមានការស្រឡាញ់ និងអភិរក្សផ្នែកធនធានធម្មជាតិ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ។
លោក រ៉ុងរ៉ូត រាំងស៊ីយូផាស (Roongrote Rangsiyopash) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន អេស ស៊ី ជី បានឲ្យដឹងថា ការអនុវត្តនូវទស្សនទាន «សេដ្ឋកិច្ចវិលជុំ» គឺជាដំណើរការផលិតកម្មដែលប្រព្រឹត្តទៅដោយការយកក្រដាស អេតចាយ យកមកកែច្នៃប្រើប្រាស់ឡើងវិញ ដោយផ្សំជាមួយនឹងវត្ថុធាតុដើមមួយចំនួន ដើម្បីផលិតចេញជាក្រដាសថ្មី ដោយការប្រើប្រាស់វត្ថុធាតុដើមតិចតួចប៉ុណ្ណោះ។
ដូច្នេះ ក្នុងការផលិតក្រដាសចំនួន1ពាន់តោនជារៀងរាល់ថ្ងៃ ក្រុមហ៊ុនជួយធានាបានថា មិនមានការធ្វើឲ្យខូចបរិស្ថានពីសំណាក់ឧស្សាហកម្មនេះឡើយ ។ នេះជាការអនុវត្តមួយ ក្នុងចំណោមការអនុវត្តផ្សេងៗ ដែលអនុលោមតាមទស្សនទាន «សេដ្ឋកិច្ចវិលជុំ» ដែលក្រុមហ៊ុន អេសស៊ីជី ព្យាយាមអនុវត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេដែលអនុវត្តទស្សនទាននេះក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។






