អ្នកទិញដីឡូតិ៍ប្រមូលគ្នាតវ៉ាស្នើឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ាឡាយ លន់ធ្វើប្លង់តាមកិច្ចសន្យា

0

ដោយៈ តារា

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ២៣គ្រួសារ ក្នុងចំណោម អ្នកទិញដីប្រមាណជាង១០០ឡូតិ៍ ពីលោកឧកញ៉ា ឡាយ លន់ប្រធានក្រុមហ៊ុន BLACK EAGLE CO.L T D បានប្រមូលគ្នាធ្វើការតវ៉ា ដើម្បីស្នើសុំឱ្យ ក្រុមហ៊ុនលក់អចនទ្រព្យនេះ ធ្វើប្លង់ឱ្យពួកគាត់តាមកិច្ចសន្យាទិញ-លក់ដូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

បើពុំដូច្នេះទេ ពួកគាត់នឹងប្តឹងដាក់ពាក្យទៅសមត្ថកិច្ច ក៏ដូចតុលាការ ដើម្បីចាត់ការតាមច្បាប់។ ទន្ទឹមនោះ ប្រជាពលរដ្ឋក៏បានទទួចសុំដល់ សម្តេចតេជោមេត្តា ជួយអន្តរាគមន៍ផង ព្រោះពួកគាត់សុទ្ធតែជាអ្នករងគ្រោះដោយទិញដីដោយស្របច្បាប់។

ការតវ៉ាខាងលើនេះ បានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដោយ ប្រជាពលរដ្ឋ ក៏បានជួបប្រមូលផ្តុំគ្នា លើដីឡូតិ៍ដែលពួកគាត់ទិញ និងខ្លះធ្វើផ្ទះរស់នៅទីនោះ រួចរាល់ហើយ នៅក្នុងភូមិភ្លូផ្អើម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការលើកគ្នាតវ៉ានេះ បន្ទាប់ពីពួកគាត់ទិញដីបង់ប្រាក់ខ្លះ គ្រប់ចំនួនមួយរយភាគរយ ហើយក្រុមហ៊ុនមិនបាន ធ្វើប្លង់រួចរាល់តាមកិច្ចសន្យា ហើយថែមទាំងមានអ្នកទី៣ គឺលោកឧកញ៉ាអ៊ឹង ឃាង ដែលជាម្ចាស់ដី ដើមចេញមុខយករំនាំងដែកមកបិទផ្លូវ និងថែម ទាំងហាមឃាត់ការសាងសង់ លើដីដែលពួកគាត់ទិញទាំងនោះទៀត។

តាមប្រជាពលរដ្ឋ ដែលបានផ្ទះការតវ៉ា បានឱ្យដឹងថា ពួកគាត់បាននាំគ្នា មកទិញដីឡូតិ៍របស់ក្រុមហ៊ុនBLACK EAGLE CO.L T D ដែលមាន លោកឧកញ៉ាឡាយ លន់ ជាម្ចាស់រយៈពេលប្រមាណ១ឆ្នាំមកហើយ ដោយខ្លះ បានកក់៥០ភាគរយ និងខ្លះទៀតបានឱ្យលុយគ្រប់១០០ភាគរយក៏មានដែរ។

ហើយនៅក្នុងការទិញលក់នោះ ក្រុមហ៊ុនបានធ្វើកិច្ចសន្យាថា កាត់ប្លង់រឹងជូនពួកគាត់ក្នុងរយៈពេលប្រមាណ ៣ទៅ៦ខែហើយ តែបាត់ដំណឹងរហូត។ នៅពេលដែលពួកគាត់ ទៅសួរនាំក្រុមហ៊ុន ចេះតែពន្យាពេល ដោយលើកហេតុផលថា កូវីដ១៩។

ប្រជាពលរដ្ឋបន្តថា នៅក្នុងដំណាក់នេះ ដោយសារតែខ្លះបានបង់លុយគ្រប់ ក្រុមហ៊ុនក៏បានទៅសុំច្បាប់ពី សង្កាត់សាងសង់ផ្ទះរស់នោះបណ្តើរៗ ហើយស្រាប់តែ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ដើម លោក ឧកញ៉ាអ៊ឹង ឃាងក៏បានចេញមុខមក ដោយយករនាំងដែកមកបិទមិនឱ្យដឹកគ្រឿងសំណង់ និងមកហាមឃាត់ការដ្ឋាន ទើបពួកគាត់នាំគ្នាប្តឹង លោកឧកញ៉ាឡាយ លន់ទៅសាលាសង្កាត់ព្រមទាំងស្នើឱ្យក្រុមហ៊ុន ទទួលខុសត្រូវចេញមកដោះស្រាយធ្វើប្លង់ ជូនពួកគាត់តាមកិច្ចសន្យា។

តាមប្រជាពលរដ្ឋ ដែលតវ៉ា បានឱ្យដឹងទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹង មានមេធាវីខាងក្រុមហ៊ុនBLACK EAGLE CO.L T D ចេញមកដោះស្រាយ ហើយស្នើសុំឱ្យប្រជាពលរដ្ឋ ដែលទិញដីពន្យាពេលរហូត។ ដោយសារតែគេចវេសន៍មិនទទួលខុសត្រូវ ធ្វើឱ្យពួកគាត់នាំគ្នាតវ៉ាតែម្តង ។

ប្រជាពលរដ្ឋដែលរងគ្រោះ ក៏បានឱ្យដឹងថា បើសិនជាក្រុមហ៊ុន មិនទទួលខុសត្រូវ ដោយមិនបាន ចរចាដោះស្រាយ បញ្ចប់ជាមួយម្ចាស់ដីដើម គឺលោកឧកញ៉ាអ៊ឹង ឃាង កាត់ប្លង់ប្រគល់ឱ្យគាត់នោះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

តាមសេចក្តីជូនដំណឹងរបស់លោក អ៊ែល វណ្ណៈ ជាមេធាវីលោកឧកញ៉ាអ៊ឹង ឃាងដែលបានជំរាបទៅលោក ឡាយ លន់ ដែលជាអ្នកទិញដីបានឱ្យដឹងថា កន្លងមកលោកពុំបានបំពេញ កាតព្វកិច្ចថ្លៃទិញដី ទៅភាគីអ្នកលក់ ឱ្យបានត្រឹមត្រូវតាមប្រការ៣នៃ កិច្ចសន្យាស្តីពីការ ទិញ លក់ដីធ្លី ចុះថ្ងៃទី០១ខែតុលា ឆ្នាំ ២០២០ឡើយ។

ហើយមូលប្បទានប័ត្ររបស់ធានាគារ ABA ដែលលោកបានចេញ សម្រាប់ការទូទាត់ថ្លៃដី ក៏ពុំអាចបើកប្រាក់ បានដែរ ទង្វើបែបនេះ ជាការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ នាំឱ្យបញ្ចប់កិច្ចសន្យា។

លើសពីនេះទៅទៀត កូនក្តីរបស់ខ្ញុំបានធ្វើការទំនាក់ទំនង ដើម្បីឱ្យយកប្រាក់មកទូទាត់ថ្លៃដីឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា តែភាគីខាងលោក នៅតែមិនបានធ្វើការទូទាត់រហូតមក។ នៅក្នុងសេចក្តី ជួនដំណឹងក៏បានចាត់ទុកថា ទង្វើបែបនេះធ្វើឱ្យខាតបង់ផលប្រយោជន៍របស់ភាគីអ្នកលក់យ៉ាងធ្ងន់ធ្ងរបំផុត និងមិនអាចបន្តកិច្ចសន្យានេះ ជាមួយលោកបានទៀតឡើយ ។ អាស្រ័យហេតុនេះ យើងសម្រេចបញ្ចប់កិច្ចសន្យា ស្តីពីការទិញលក់ដីធ្លីចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ជាមួយភាគីលោកចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមព័ត៌មានឱ្យដឹងថា ដីឡូតិ៍នោះដំបូងជាគម្រោងដីឡូតិ៍ ជាដីរបស់លោក ឧកញ៉ាអ៊ឹង ឃាងបើកដំណើរលក់ តែក្រោយមកក៏បានផ្ទេរទៅឱ្យលោកឧកញ៉ាឡាយ លន់ដែលខ្លះអះអាងថា ជាមិត្តភក្តិនឹងគ្នាជាអ្នកលក់ តែមិនអាចកាត់ឈ្មោះ បំបែកប្លង់ទៅឱ្យអ្នកទិញបាន។
ហើយគេពុំទាន់ដឹងឱ្យច្បាស់ពីផ្ទៃក្នុងនោះនៅឡើយទេ ព្រោះអ្នកទាំង២សុទ្ធតែធ្លាប់មានរឿងអាស្រូវរឿងដីធ្លី។ ទោះបីជាយ៉ាងណា កោះសន្តិភាព ពុំទទួលការបំភ្លឺណាមួយពីលោកឧកញ៉ា ឡាយ លន់ ដែលជាប្រធានក្រុមហ៊ុន BLACK EAGLE CO.LTD បានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here