វិនិយោគិនជាច្រើនកំពុងសម្លឹងរកឱកាសវិនិយោគលើអចលនទ្រព្យតម្លៃក្រោមទីផ្សារ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទោះតិច ឬច្រើន វិបត្តិកូវីដ១៩ ដែលបង្កឱ្យវិបត្តិសេដ្ឋកិច្ចសកលក្នុងរយៈពេលជាង១ឆ្នាំ បាននិងកំពុងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាទទួលរងនូវប៉ះពាល់ ពិសេសវិនិយោគ និងការទិញលក់ជាដើម ខណៈបច្ចុប្បន្នវិស័យអចលនទ្រព្យនៅតែមានសកម្មភាពទិញលក់ តែស្ថិតក្នុងកម្រិតមួយទាប។

លោកស្រីថេន ចិន្ធាអគ្គនាយិកាអគ្គនាយិកាក្រុមហ៊ុនCentury 21 Diamond បានថ្លែងប្រាប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា ទោះបីស្ថិតពេលមានវិបត្តិនេះ សកម្មភាពប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅទីក្រុងភ្នំពេញ នៅតែមានសកម្មភាព ប៉ុន្តែសកម្មភាពទិញលក់នៅកម្រិតទាប បើធៀបនឹងមុនសម័យមានវិបត្តិ។
លោកស្រីបានថ្លែងបន្តថា បច្ចុប្បន្ន វិនិយោគិនជាច្រើន ដែលមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ កំពុងសម្លឹងរកអចលនទ្រព្យណា ដែលតម្លៃក្រោមទីផ្សារ សម្រាប់ការវិនិយោគរកផលចំណេញនាអនាគត។

លោកស្រីបានថ្លែងថា “ទាក់ទងនឹងសកម្មភាពប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យ ខ្ញុំមើលឃើញថា នៅតែមានចរន្តនៃការទិញលក់ ប៉ុន្តែវានៅមានកម្រិតទាបជាងមុន”។ លោកស្រីបន្តថា អចលនទ្រព្យនាពេលបច្ចុប្បន្ន ត្រូវបានឃើញថាមានបញ្ចុះតម្លៃសម្រាប់ការដាក់លក់ ហើយនៅពេលមានការបញ្ចុះតម្លៃ វាធ្វើឱ្យមានប្រតិបត្តិការទិញលក់។

លោកស្រីបានឱ្យដឹងទៀតថា អចលនទ្រព្យដែលលក់ក្នុងតម្លៃទីផ្សារជួបនឹងការលំបាកក្នុងការរកអតិថិជន ដោយសារតែមួយរយៈនេះ អចលនទ្រព្យទាល់មានតម្លៃក្រោមទីផ្សារ ទើបងាយរកអតិថិន ហើយអចលនទ្រព្យមានការដាក់ច្រើន ហើយតម្រូវការមានតិច។

លោកស្រីលោកស្រីថេន ចិន្ធាបានឱ្យដឹងថា ចប្ចុប្បន្ន ភ្ញៀវដែលដាក់លក់អចលនទ្រព្យមានច្រើន ដែលបានទាក់ទងលើក្រុមហ៊ុនរបស់លោកស្រី ដើម្បីជួយអចលនទ្រព្យ ហើយភ្ញៀវដែលជាអ្នកទិញក៏បានទាក់ទងមកក្រុមហ៊ុនលោកស្រីផងដែរ ដើម្បីជួយផ្តល់ព័ត៌មានជូនពួកគាត់ នៅពេលណាដែលមានអចលនទ្រព្យមានតម្លៃល្អ ឬតម្លៃក្រោមទីផ្សារ។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងថា ចលនានៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមកម្រើកបន្តិច។ ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។

ជាមួយគ្នានេះដែរ លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោករំពឹងថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញទៅរកភាពល្អប្រសើរ នៅពេលរដ្ឋាភិបាលសម្រេចបានគោលដៅការពន្លឿនការចាក់វ៉ាក់កូវីដ១៩ ជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here