ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះ មានមេឃុំ មួយចំនួនតាមបណ្ដាខេត្តបានចេញលិខិតមេឃភាពលើហត្ថលេខារបស់ខ្លួន ដែលចុះរួចជាមួយអ្នកទិញ និងអ្នកលក់កន្លងមកនោះ ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតជាច្រើនបានប្រាប់ឱ្យវិនិយោគិនត្រូវប្រុងប្រយ័ត្នចំពោះការទិញដីធ្លី ដែលគ្មានប្លង់កម្មសិទិ្ធត្រឹមត្រូវ។
ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តក៏បានស្នើឱ្យវិនិយោគិន និងពលរដ្ឋរកភ្នាក់ងារណា ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ បង្កការខាតបង់ពេលវេលានិងថវិកា។
បើតាមអ្នកភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតជាច្រើន ក៏បាននិយាយផងដែរថា ការទិញលក់ដីធ្លីនៅក្នុងខេត្តកំពតក្នុងអំឡុងកូវីដ១៩ នៅតែមានសកម្មភាពជាបន្តបន្ទាប់ដដែល ក្នុងនោះការទិញលក់ដីដែលមិនមានប្លង់កម្មសិទ្ធិត្រឹមត្រូវក៏មានសកម្មភាពដែរ ហើយអ្នកទិញក៏មិនសូវយល់ច្បាស់ ក៏ចេះតែតាមអ្នកគួកជេមួយចំនួនទៅទិញដីដែលទទួលស្គាល់ត្រឹមឃុំប៉ុណ្ណោះ។
ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត លោកសុជាតិ បានឱ្យដឹងផងដែរថា អ្នកទិញដីជាលក្ខណៈដីចំការក្ដី ដីទុកចោលក្ដី ត្រូវតែពិនិត្យមើលប្លង់កម្មសិទ្ធិឱ្យបានច្បាស់លាស់ហើយកុំឆាប់ជឿលើអ្នកគួកជេ ព្រោះអ្នកខ្លះមិនមានវិជ្ជាជីវៈនោះទេ ធ្វើយ៉ាងណាឱ្យលក់ដាច់គឺចប់ ហើយនៅពេលមេឃុំជាច្រើនចេញមកនិរាករណ៍ឬមោឃភាពលើដីធ្លីនោះ នឹងធ្វើឱ្យអ្នកទិញត្រូវខាតបង់ប្រាក់និងពេលវេលាផងដែរ។
លោកបន្តថា ដីអត់មានប្លង់ជាទូទៅវាមានតម្លៃទាបជាងដីដែលមានប្លង់ច្បាស់លាស់ ដូច្នេះហើយកុំចង់ចំណេញលឿនពេក ឬដោយសារតែឃើញដីមានតម្លៃទាបក៏ចាប់ផ្ដើមទិញ ដោយមិនបានដឹងប្រវត្តិដីច្បាស់លាស់។
បើតាមលោកសុខ គែនប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា អចលនទ្រព្យនៅខេត្តកំពតនៅតែមានសក្ដានុពល បើទោះបីជាមានវិបត្តិបែបក្ដី ក្នុងនោះគេមើលឃើញថាតម្លៃដីធ្លីអត់មានចុះទេមានតែឡើងនៅតំបន់មានសក្ដានុពល ហើយគម្រោងវិនិយោគមួយចំនួនក៏នៅតែបន្តប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ក្នុងនោះដែរ ការទិញលក់ដីធ្លីក៏កាន់តែមានការរីកសាយទៅតាមតំបន់ឆ្ងាយពីទីប្រជុំជនក្រុង ជាពិសេសវិនិយោគិនក្នុងស្រុកមកពីភ្នំពេញ។
លោកបន្តថា ការបង្កើតក្រុងថ្មី ក្រុងបូកគោនៅខេត្តកំពតក៏ជាសក្ដានុពលមួយបន្ថែមទៀត ជំរុញឱ្យមានការវិនិយោគដីធ្លីនៅក្នុងខេត្តមាត់សមុទ្រមួយនេះ ហើយនឹងទាក់ទាញការវិនិយោគបនែមទៀតទៅក្នុងខេត្តកំពត ជាពិសេសនៅពេលចប់វិបត្តិកូវីដ១៩ខាងមុខនេះ រំពឹងថាកំពតនឹងកាន់តែមានការចាប់អារម្មណ៍បន្ថែមពីវិនិយោគិន៕