ដោយ៖ សេដ្ឋ វិទូ
ភ្នំពេញ៖ បញ្ញវ័ន្តជាង៥០០នាក់ មកពីជុំវិញពិភពលោកនឹងមកកាន់កម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹង ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងសង្គមតាមរយៈស្ថាប័នសេវាកម្មផ្នែកអប់រំអន្តរជាតិ (IDP)។
គណៈប្រតិភូចំនួនជាង៥០០រូបនោះ នឹងអញ្ជើញចូលរួមក្នុងសន្និបាតបញ្ញវ័ន្តពិភពលោកលើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាភ្នំពេញ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្ម ផ្នែកការអប់រំអន្តរជាតិធំជាងគេនៅក្នុងពិភពលោក ហើយបានជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍វាគ្មិនជាជនជាតិខ្មែរ និងអន្តរជាតិជាច្រើនរូប។
-->
នាយក IDP Education ប្រចាំប្រទេសកម្ពុជាលោក ម៉ៅស្រេងមានប្រសាសន៍ឲ្យគេហទំព័រ Propertyarea.asia ដឹងនៅល្ងាចថ្ងៃទី៧ វិច្ឆិកានេះថា“សន្និបាតបញ្ញវន្តពិភពលោក ជាការផ្តល់ឱកាសពិសេសមួយ សម្រាប់អតីតនិស្សិតជួបជុំគ្នា ចែករំលែកនូវបទពិសោធន៍នានា និងប្រើប្រាស់នូវសក្តានុពលចំណេះដឹងរបស់ពួកគេជាមួយថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលក្នុង វិស័យឧស្សហកម្ម និងសង្គមស៊ីវិល។ លោកបន្តថា សន្និបាតបញ្ញវន្តពិភពលោក ឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពលដ៏សំខាន់ដែលអតីតនិស្សិតមានចំពោះការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិ និងការស្តែងឱ្យឃើញនូវធនធានមនុស្សទាំងនោះ នៅកម្រិតខ្ពស់បំផុតក្នុងជួររដ្ឋាភិបាល និងក្នុងវិស័យនានា។

សន្និបាតជាព្រឹត្តិការណ៏លើកទី៣ ដោយបានប្រមូលផ្តុំនិស្សិតបញ្ញវន្តដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងមកពីប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសផ្សេងៗទៀត ដែលបង្កើតជាវេទិកាជួបជុំគ្នាមួយដើម្បីចែករំលែកគំនិត និងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកដែលមានតួនាទីក្នុងការសម្រេចចិត្ត និងថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។
ក្នុងឱកាសរៀបចំសន្និបាតនេះ ក៏មានការរៀបចំពិព៌ណការសិក្សានៅបរទេស និងការងារ ដែលនឹងដំណើរការស្របគ្នា ទៅនឹងសកម្មភាពដទៃទៀតដោយមានការចូលរួមពីស្ថាប័នអប់រំក្នុងស្រុក និងអន្តរជាតិដែលនឹងផ្តល់ព័ត៌មានអំពីអាហារូបករណ៍ និងឱកាសសិក្សានៅបរទេស ព្រមទាំងក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិក។ និស្សិត ឪពុកម្តាយ និងសាធារណជនជាង៣ពាន់នាក់ នឹងចូលរួមពិព័រណ៍ពិព័រណ៍ការសិក្សានៅបរទេស និងការងារនេះដោយឥតគិតថ្លៃ៕