ទឹកប្រាក់ ៣៥០០លានដុល្លារ ត្រូវបាន CDC អនុម័តនៅក្នុងឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គម្រោងវិនិយោគសរុបចំនួន១០៦ ដែលមានទឹកប្រាក់៣៥០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័ត នៅដំណាច់ឆមាសទី១ ឆ្នាំ២០១៨ស្មើនឹងកំនើន១៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលយើងទើបទទួលបាននាព្រឹកថ្ងៃទី២ សីហានេះបានឲ្យដឹងថា ទោះបីជាឆ្នាំនេះកម្ពុជាបានឆ្លងកាត់ដំណាក់កាលនយោបាយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦យ៉ាងក្តី ប៉ុន្តែការវិនិយោគពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិបានកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១៨​នេះ និងបានបង្កើតការងារបានជិត១០ម៉ឺនកន្លែង។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមការវិនិយោគសរុបចំនួន១០៦គម្រោង មានគម្រោងថ្មីចំនួន៩៧ និងគម្រោ​ងពង្រីកផលិតកម្មចំនួន៩ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៣,៥០០លា​នដុល្លារអាមេរិក។

របាយការណ៍របស់CDCបានបង្ហាញទៀតថា បើធៀបនឹងឆ្នាំ​២០១៧គំរោងវិនិយោគនៅឆ្នាំនេះ បានកើនឡើងចំនួន១៩គម្រោង ហើយអ្វីគួរឲ្យកត់សំគាល់ត្រង់ថា ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានកើនឡើងខ្លាំងរហូតដល់ទៅ៧៧ភាគរយ។ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានក៏បានកើនទ្បើង២២ភាគរយ ក្នុងនោះគម្រោ​ងរោងចក្រកាត់ដេរសម្លៀកបំពាក់ មានការកើនទ្បើងចំនួន៨គម្រោងពី១៥គម្រោង ក្នុងឆមាសទី១ឆ្នាំ២០១៧ មកដល់២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមាន​ប្រសាសន៍ថា កំណើននៃការវិនិយោគនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ បុន្តែគឺដោយសារកត្តាសំខាន់ៗចំនួន៤ ដែលកម្ពុជាកំពុងរក្សាបាន ទី១ ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ និងជាប្រទេសកំពុងអភិវឌ្ឍន៍ថ្មី ទី២ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្បា​ប់វិនិយោគដ៏ល្អប្រសើរ ដែលផ្តល់ឲ្យអ្នកវិនិយោគអាចបោះទុនវិនិយោគ១០០ភាគរយបាន ទី៣ ការមានច្បាប់បទដ្ឋានគតិយុត្តិនានា ដែលផ្តល់ការលើកទឹកចិត្តនិងការពារការវិនិយោគពីអន្តរជាតិ និងទី៤ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដែលផ្តល់លទ្ឋភាពឲ្យអ្នកវិនិយោគអន្តរជាតិ មានឳកាសរកផលចំណេញបាន។

លោកបន្តថា “អ្វីសំខាន់អ្នកវិនិយោគកំពុងមើលឃើញឳកាសនៅកម្ពុជា ហើយពួកគេរកផលចំណេញបានទើបពួកគេចូលមក បើ់មិនរកចំណេញបាន ពួកគេមិនចូលមកនោះទេ”។

លោកបណ្ឌិតហុង វណ្ណៈបាមបន្តថា លើសពីនេះវិស័យទេសចរណ៍កម្ពុជាក៏មាន​ភាពរីកចម្រើន ដែលទាក់ទាញអ្នកវិនិយោគអន្តរជាតិមកវិនិយោគក្នុងវិស័យនេះ កាន់តែ​ច្រើន ហើយដែនដីកម្ពុជា ជាដីសវណ្ណភូមិ ជាដីមានជីវជាតិ ដែលអាចឲ្យអ្នកវិនិយោគអាច​មកវិនិយោគដាំដំណាំសរីរាង្គ ដើម្បីធ្វើការនាំចេញបាន។ ទាំងអស់នេះសុទ្ឋតែជាសក្តានុ​ពលកម្ពុជា ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគពីអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here