ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ វិស័យអាកាសចរណ៍កម្ពុជា កាន់តែមានការធ្វើពិពិធកម្មទីផ្សារហោះហើរ ដោយបច្ចុប្បន្ននេះមានយន្តហោះឡើងចុះចំនួន៤៦៣លើកនៅតាមព្រលានយន្តហោះអន្តរជាតិទាំងបីនៅកម្ពុជា។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកមៅ ហាវណ្ណាល់បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា បច្ចុប្បន្នវិស័យអាកាសចរណ៍កម្ពុជាកាន់តែមានភាពរីកចម្រើន ដោយបច្ចុប្បន្ននេះក្នុងមួយថ្ងៃមានយន្តហោះឡើងចុះសរុប២២០លើក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានយន្តហោះចុះឡើងចំនួន២១៩លើក និងព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានយន្តហោះឡើងចុះសរុបចំនួន២៤លើកក្នុងមួយថ្ងៃ។
-->

លោកបន្តថា “ព្រលានយន្តហោះខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦នេះមិនសូវមានសកម្មភាពនោះទេ ប៉ុន្តែចាប់តាំងពីដើមឆ្នាំនេះមក ព្រលាននេះកាន់តែសកម្ម ហើយខ្ញុំសង្ឃឹមថាព្រលាននេះនឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើនទៀតនឹងហោះត្រង់មកកាន់ព្រលានយន្តហោះនេះ។
បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការហោះហើរមកកម្ពុជា មានចំនួន៧ជាក្រុមហ៊ុនអាកាសចរណ៍ជាតិ និង៣៧ក្រុមហ៊ុនជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។
លោកម៉ៅ ហាវណ្ណាល់បានបន្តថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិបាននិងកំពុងកើនឡើងជាប្រចាំ ហេតុនេះពាក្យចចាមអារ៉ាមលើកឡើងពីបញ្ហានយោបាយប៉ះពាល់ដល់វិស័យនេះមិនពិតនោះទេ ព្រោះយើងឃើញតួលេខកើនឡើងជាប់ជាប្រចាំចាប់តាំងពីដើមឆ្នាំនេះ។លោកបន្តថា វិស័យនេះបានជួយច្រើនដល់ប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោល ដោយការសិក្សាបានបង្ហាញថា អ្នកធ្វើដំនើរក្នុងវិស័យនេះ បានជួយដល់ការងារមនុស្សបីនាក់ដោយប្រយោល។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានលើកឡើងថា វិស័យអាកាសចរណ៍នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដោយសារការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍នានាកាន់តែច្រើន តាមរយៈគោលនយោបាយបើកចំហជើងមេឃដ៏ជោគជ័យរបស់រដ្ឋាភិបាល ដែលធ្វើឲ្យមានកំនើនភ្ញៀវទេសចរណ៍ លំហូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់មកកាន់កម្ពុជា។

លោកបន្តថា “វិស័យនេះមានសារៈសំខាន់ណាស់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងនាំមកនូវកំណើនភ្ញៀវអន្តរជាតិ និងការវិនិយោគ”៕