ដោយគង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា ទឹកជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្មនោះទេ ផ្ទុយទៅវិញការដាំដុះដំណាំកសិកម្ម និងកសិ ឧស្សាហកម្មភាពប្រសើរជាងឆ្នាំមុន។
លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងតាមទូរស័ព្ទតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ សីហានេះថា ផ្ទៃដីកសិកម្មទំហំ១៨,០០០ហិកតាបានរងផលប៉ះពាល់ ប៉ុន្តែខូចខាតតែជាង៣០០០ហិកតាប៉ុណ្ណោះ ក្នុងនោះខេត្តក្រចេះខូចខាតដំណាំស្រូវទំហំ៨៥៨ហិកតា ខេត្តស្ទឹងត្រែងបានប៉ះពាល់ជាង១០០ហិកតា និងខេត្តត្បូងឃ្មុំបានរងផលប៉ះពាល់៤៨៨ហិកតា។លោកបន្តថា ក្រៅពីនេះដំណាំរួមផ្សំមួយចំនួនក៏បានរងផលប៉ះពាល់ផងដែរ ប៉ុន្តែស្ថានភាពជាទូទៅមិនមានអ្វីគួរឲ្យបារម្ភនោះទេ។
លោកបន្តថា “អ្វីៗមិនមានភាពធ្ងន់ធ្ងរទេ ព្រោះយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការស្តារឡើងវិញ ក្រោយទឹកជំនន់ ប៉ុន្តែយើងត្រូវរង់ចាំរហូតទឹកជំនន់ឈប់ហក់ឡើង ព្រោះទឹកត្រូវហក់ឡើងនៅដើមខែ និងចុងខែកក្កដានេះ និងនៅខែកញ្ញាខាងមុខ”។លោកបន្តថា #ជាទូទៅស្ថានភាពបង្កបង្កើនផលវិញមានភាពល្អប្រសើរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
ជាក់ស្តែងរហូតមកទល់ពេលនេះ ការដាំដុះសម្រេចបាន៨៨ភាគរយនៅទូទាំងប្រទេស ដែលស្មើនឹងផ្ទៃដី២,២៣១,៨១៦ហិកតា នៃផ្ទៃដីដាំដុះសរុប២,៥១៣,៨៩៥ហិកតា ក្នុងនោះដំណាំរួមផ្សំសម្រេចបាន៩២ភាគរយ និងដំណាំកសិឧស្សាហកម្មសម្រេចបាន១០២ភាគរយ។
វិស័យកសិកម្ម ជាវិស័យធំមួយដែលរួមចំណែកជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយវិស័យនេះបានគ្របដណ្តប់ប្រមាណ២០ភាគរយ នៃផលទុនជាតិសរុប។
ទោះជាយ៉ាងណាវិស័យនេះកំពុងផ្លាស់ប្តូររបត់ថ្មីមួយ តាមរយៈទំនើបកម្មឧបករណ៍កសិកម្ម ដោយទំហំការប្រើប្រាស់ពលកម្មបានថយចុះពីជាង៨០ភាគរយ មកនៅត្រឹមប្រមាណ៤០ភាគរយនាឆ្នាំ២០១៨នេះ៕