ដោយ វុត្ថា
ភ្នំពេញ៖ មហាបុរសចិន ប្រធានាធិបតីចិន Zhi Jinping បានបង្ហាញមហិច្ឆតាគ្រប់គ្រងពិភពលោក តាមរយៈមូលធន និងអំណាចនៃការគ្របដណ្តប់សេដ្ឋកិច្ចរបស់ខ្លួន ដោយបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្លូវសូត្រ ឬខ្សែក្រវ៉ាត់មួយផ្លូវមួយ។
គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងវិថីមួយ ឬ Belt and Road Initiative-BRI ដែលបានបង្កើតឡើង ដោយលោកប្រធានាធិបតីចិនដ៏មានឥទ្ឋិពលរូបនេះសំរាប់ការអភិវឌ្ឍន៍ និងតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងទ្វីបអឺរ៉ុប-អាស៊ី និងតំបន់អាហ្វ្រិកផងដែរ។
គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី ឬ Belt and Road Initiative បានផ្តោតសំខាន់ និង លើកកម្ពស់ដល់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ (Silk Road Economic Belt) ដែលលាតសន្ធឹងដល់ទ្វីបអាស៊ី-អឺរ៉ុប រួមជាមួយ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (21st Century Maritime Silk Road) ដែលធ្វើដំណើរពីប្រទេសចិនទៅកាន់តំបន់អឺរ៉ុប និងតំបន់អាស៊ី។
គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថីមួយនេះ មានវិសាលភាពធំធេងណាស់ ដោយឆ្លងកាត់ប្រទេសជាច្រើនដែលគ្របដណ្តប់ ផលិតផលជាតិសរុបនៅលើពិភពលោកចំនួន៥៥% ចំនួនប្រជាជនចំនួន ៧០% និងគ្របដណ្តប់ឋាមពលបំរុងចំនួន ៧៥%នៅលើពិភពលោក។
គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយ គឺជាគម្រោងខ្សែក្រវាត់ និងវិថីមួយនេះ ជា ច្រករបៀង និងហេដ្ឋារចនាសម្ព័ន្ធ និងជាយុទ្ធសាស្រ្តចំរុះខាងភូមិសាស្រ្តរបស់លោក Xi Jinping ប្រធានាធិបតីចិនដើម្បីពង្រឹង និងពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក ដោយក្នុងនោះបានចំណាយប្រាក់រាប់រយពាន់លានដុល្លារ។
ងាកមកមើលប្រទេសកម្ពុជាវិញ តើទទួលបានផលប្រយោជន៍អ្វីខ្លះពីមហិច្ឆតារបស់មហាយក្សអាស៊ីនេះ? ។
តាមរយៈគោលនយោយបាយគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ វិថីមួយនេះ កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចពង្រឹងសហប្រតិបត្តិការ និងវិនិយោគលើវិស័យឧស្សាហកម្ម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង។
ទី១ ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា សាងសង់រោងចក្រវារីអគ្គិសនីទំហំ ៤០០MW នៅទន្លេសេសានក្រោម ដែលមានទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ ទី២ការវិនិយោគប្រមាណ១,៤ប៊ីលានដុល្លារអាមេរិក សាងសង់រោងចក្រវារីអគ្គិសនីទំហំ ២៤៦MW នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន៣០ភាគរយនៃអគ្គិសនីត្រូវការសរុប។
ទី៣ វិនិយោគលើគម្រោងផ្លូវចំនួន១៦ ខ្សែក្រោមតម្លៃសរុប១,៦ ប៊ីលានដុល្លារអាមេរិក។ ទី៤វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប ដែលមានតម្លៃ៨៨០លានដុល្លារអាមេរិក។ ទី៥ ចិនទទួលទិញអង្ករពីកម្ពុជាប្រមាណ ៣០០,០០០ តោនក្នុងឆ្នាំ២០១៨។ល។
មកដល់ពេលនេះ កម្ពុជាបាននឹងកំពុងអនុវត្តន៍ នូវគោលយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវមួយនេះ យ៉ាងពេញលេញស្រប់តាមនូវអ្វី ដែលប្រទេសចិនបានចុះហត្ថលេខាផ្តល់ជំនួយ ជាបន្តបន្ទាប់ជាច្រើនពាន់លានដុល្លារមកកម្ពុជា សម្រាប់អភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាក្នុងប្រទេស។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មធ្លាប់បានឲ្យដឹងថា គោលនយោយបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវមួយ (Belt and Road Initiative) នេះវាមិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕