ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់លើកិច្ចចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន និងភាគីខាងចិន ដែលតំណាងដោយលោក ស្យុង ប័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កាលពីដើមសប្ដាហ៍កន្លងទៅនោះ ពេលនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញនូវ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ដល់ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. ឱ្យបើកដំណើរការជាផ្លូវការលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។
តាមរយៈគណនីផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអោយដឹងថា សម្រាប់ទីតាំងដែលត្រូវបង្កើតជាកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់សម្រាប់ការនាំចេញខាងលើនេះ គឺស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាមួយនឹងទុនវិនិយោគ 32,021,570ដុល្លារអាមេរិក ដែលផ្តល់កន្លែងធ្វើការងារបានចំនួន 572 កន្លែង ។ ដោយឡែកចំពោះពូជដំណាំចេក ជាប្រភេទពូជចេកថ្មី ដែលអាចផ្តល់ផលចាប់ពី 60 ទៅ 73 តោន ក្នុងមួយហិកតាក្នុងមួយឆ្នាំ និងអាចប្រមូលផលបាន3ដងក្នុង2ឆ្នាំ ៕