ដោយៈសុខុម
ញូវយ៉ក: ទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន នៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៣ខែជាប់ៗគ្នាក្នុងខែសីហា ខណៈអត្រាការប្រាក់ទាបខ្លាំង បានជំរុញឱ្យមានសកម្មភាពទិញលក់ផ្ទះយ៉ាងផុសផុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
យោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ សីហា ឱ្យដឹងថា នេះជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យភ្ញាក់ផ្អើលអំឡុងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ ចំនួនម្ចាស់ផ្ទះកាន់តែច្រើនឡើងក៏កំពុងយឺតយ៉ាវ នៅក្នុងការបង់ប្រាក់កម្ចីទិញផ្ទះ ដែលគិតជាទំហំច្រើនលានដុល្លារ ដោយសារតែគ្មានការងារធ្វើ ហើយនេះជាសញ្ញាបង្ហាញថា ការងើបឡើងនៃទីផ្សារការងារកំពុងតែធ្លាក់ចុះ។
សន្ទស្សន៍ទីផ្សារលំនៅដ្ឋានសហរដ្ឋអាមេរិក NAHB/Wells Fargo Housing Market Index (HMI) បានកើនឡើង៦ពិន្ទុដល់៧៨ពិន្ទុ ជាអត្រាខ្ពស់មិនធ្លាប់មានដែលអាចប្រៀបបានទៅនឹងអត្រាក្នុងឆ្នាំ១៩៩៨។
ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើអ្នកជំនាញសេដ្ឋកិច្ចចំនួន៣០រូបបង្ហាញថា ពិន្ទុបានកើនឡើងដល់៧៣ពិន្ទុ បើធៀបនឹង៧២ពិន្ទុនៅក្នុងខែកក្កដា។
ការវាស់ស្ទង់របស់សន្ទស្សន៍ ទីផ្សារលំនៅដ្ឋានអាមេរិក(NAHB) ទៅលើការលក់លំនៅដ្ឋានទាំងពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគតសុទ្ធតែល្អប្រសើរឡើង។
ទោះជាយ៉ាងណា ស្របពេលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន មានទំនុកចិត្តកើនឡើងខ្ពស់ ម្ចាស់ផ្ទះកាន់តែច្រើន ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក៏បានផ្អាកបង់ប្រាក់កម្ចីទិញផ្ទះរស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកមួយ។
យោងតាមរបាយការណ៍របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ Mortgage Bankers Association បានឱ្យដឹងថា អត្រាការយឺតយ៉ាវ នៅក្នុងការបង់ប្រាក់កម្ចីទិញផ្ទះបានកើនឡើង៨,២%ក្នុងត្រីមាសទី២ ដោយកើនឡើងជិត៤% បើធៀបទៅនឹងត្រីមាសទី១ និងជាការកើនឡើងប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាន៕