ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កាលពីជាង១០ឆ្នាំមុន វិស័យអចលនទ្រព្យចាត់ទុកជាវិស័យថ្មីមួយ និងមានមនុស្សមិនច្រើនទេប្រឡូកនៅក្នុងវិស័យនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនរាប់រយក្រុមហ៊ុនបានបង្កើតឡើង និងផ្ដល់សេវាអចលនទ្រព្យ។
ក្រៅពីនោះក៏មានភ្នាក់ងារអចលនវត្ថុរាប់ពាន់ រាប់ម៉ឺននាក់ទៀតប្រឡូកនៅក្នុងវិស័យនេះដែរ ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែមានភាពពិបាក។
-->

លោកឧកញ៉ានួន រឹទ្ធអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ សីហានេះថា បច្ចុប្បន្ននេះការប្រកួតប្រជែងនៅក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពពិបាក ដូចយើងបានឃើញស្រាប់ហើយថា កាលពីមុនអ្នករកស៊ី ឬប្រឡូកក្នុងវិស័យអចលនទ្រព្យតែ១០០ នាក់ឬ២០០នាក់ប៉ុណ្ណោះ ហើយកាលនោះការលក់អចលនទ្រព្យខុនដូ ផ្ទះល្វែងក៏ទទួលបានកម្រៃជើងសារភ្លាម។
លោកឧកញ៉ាបានបន្តថា “ប៉ុន្តែពេលនេះ មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ភ្នាក់ងាររាប់ពាន់នាក់ និងភ្នាក់ងារក្រៅផ្លូវការ ដែលទទួលបានការបណ្ដុះបណ្ដាលតៗគ្នា ហ្នឹងរាប់ម៉ឺននាក់ទៀត”។ លោកបន្តថា “ដូច្នេះបើសិនជាគិតថា ការងារអចលនទ្រព្យមានភាពងាយស្រួលរកលុយបានលឿន ដោយមិនធ្វើអ្វីនោះគឺជាការខុសស្រលះ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្រុមហ៊ុនដែលរីកលូតលាស់ក្រុមហ៊ុន ដែលទទួលបានចំណូល និងបុគ្គលិកដែលចាត់ទុកថា ជោគជ័យពីវិស័យអចលនទ្រព្យ គឺមានការខិតខំខ្លាំងណាស់ ទំរាំគេទទួលបានសម្រេចនូវការលក់គម្រោងណាមួយ ហើយពួកគេត្រូវបង្កើនសកម្មភាពកាន់តែខ្លាំងថែមទៀត នៅក្នុងពេលមានការប្រកួតប្រជែង កាន់តែខ្លាំងបែបនេះ ។
លោកបន្ថែមថា ការទទួលបានជោគជ័យរបស់ក្រុមហ៊ុនរបស់លោក មកដល់សព្វថ្ងៃនេះ មានកត្តារួមផ្សំច្រើនណាស់ ជាពិសេសនៅជំហ៊ានដំបូង គឺភាពស្មោះត្រង់ ដោយត្រូវស្មោះត្រង់នឹងខ្លួនឯង ស្មោះត្រង់នឹងក្រុមការងារ និងស្មោះត្រង់ជាមួយនឹងអតិថិជន ។ក្រៅពីនោះ គឺត្រូវមានភាពអត់ធ្មត់ ត្រូវយល់ពីសង្គម និងត្រូវមានចំណេះដឹង និងត្រូវរៀនបន្ថែមពីចំណេះជំនាញលើវិស័យនេះ៕