ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បច្ចុប្បន្ននេះ គេមើលឃើញថាវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនទាំងជាតិនិ ងអន្តរជាតិ ហើយវិនិយោគិនលើវិស័យផ្សេងៗ ក៏បានចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ជាបណ្ដើរៗផងដែរ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ ។
ថ្ងៃនេះយើងនឹងលើកយកចំនុចមួយចំនួន ជាចំណេះដឹងដល់អ្នកវិនិយោគ ដែលទើបចាប់ផ្ដើមវិនិយោគវិស័យអចលនទ្រព្យ ដោយបានដកស្រង់នូវប្រសាសន៍របស់អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding លោកវ៉ា វីរៈបានមានប្រសាសន៍ឱ្យដឹងថា ដើម្បីឱ្យការវិនិយោគអចលនទ្រព្យរបស់វិនិយោគិន ទទួលបានជោគជ័យ ត្រូវមានចំណុចជាច្រើនដូចជា ទី១ ត្រូវកំណត់គោលដៅរបស់ខ្លួនជាមុនសិន។ ចំណុចនេះចង់សំដៅ លើការគោលដៅនៃការវិនិយោគថា តើចង់វិនិយោគលើអចលនទ្រព្យប្រភេទណា ដូចជា ចំការ លំនៅឋានឬអាជីវកម្មណាមួយ។
ក្រោយពេលកំណត់គោលដៅរួចហើយ ត្រូវសម្លឹងទៅមើលសក្ដានុពល នៃតម្រូវការទីផ្សារ ថាតើតំបន់ណាមានសក្ដានុពល មានតម្រូវការលើផ្នែកអចលនទ្រព្យដែលបានកំណត់នោះ ។
លោកវីរៈបានបន្តថា នៅក្នុងអភិវឌ្ឍន៍អចលនទ្រព្យ គេក៏មើលទៅលើផ្លូវ បើសិនជាមានផ្លូវ គឺនឹងមានការទៅដល់របស់វិនិយោគិន ហើយតំបន់ណាដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងមានការអភិវឌ្ឍអចលនទ្រព្យច្រើនដូចគ្នា។ ក្រៅពីផ្លូវយើងក៏មើលទៅលើ បណ្ដាញអគ្គិសនី បណ្ដាញទឹក បណ្ដាញទូរគមនាគមន៍ ដូចជា សេវាទូរសព្ទ និងអ៊ីនធើណេតជាដើម។ យើងក៏ត្រូវមើលទៅលើនិន្នាការ នៃការអភិវឌ្ឍនៅថ្ងៃអនាគតផងដែរថា តើតំបន់ដែលយើងចង់វិនិយោគនោះ ទៅថ្ងៃអនាគតនឹងមាននិន្នាការអភិវឌ្ឍទៅលើអ្វីខ្លះ ។
លោកបន្ថែមថា ចំនុចមួយទៀតដែលពិសេសផងដែរនោះ គឺមុនពេលវិនិយោគអចលនទ្រព្យគឺត្រៀមហិរញ្ញវត្ថុ។ មុនពេលយើងចាប់ផ្ដើមវិនិយោគ លើអចលនទ្រព្យយើងក៏ត្រូវសិក្សាពីហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិនថា តើយើងអាចមានលទ្ធភាពកម្រិតណា ហើយអាចយកកម្ចីពីធនាគារបានកម្រិតណា ទៅលើអចលនទ្រព្យ ដែលយើងស្រលាញ់និងចង់ដាក់ទុនវិនិយោគ។
លោកបន្តថា “ការគិតគូបែបនេះនឹងមិនធ្វើឱ្យស្ទះ ដល់ការវិនិយោគឬខាតពេលក្នុងការចរចាជាមួយម្ចាស់អចលនទ្រព្យនោះទេ”។ លោកបន្តថា “ចំនុចសំខាន់មួយទៀតគឺ លំហូរសាច់ប្រាក់របស់យើង ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះថា តើយើងអាចរ៉ាប់រងការបង់ត្រលប់ទៅធនាគារបានដែរទេ ដើម្បីកុំឱ្យជួបបញ្ហានៅពេលយើង សម្រេចដាក់ទុនវិនិយោគរួចហើយ”។
យ៉ាងណាក្ដី សម្រាប់វិនិយោគិនអចលនទ្រព្យ ដែលមានបទពិសោធន៍ និងខ្លាំងពូកែ សុទ្ធតែមានយុទ្ធសាស្ត្រ និងចំណុចខ្លាំង ក្នុងការបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ ទោះបីជាមានវិបត្តិ ក៏នៅតែអាចបណ្ដាក់ទុនវិនិយោគបានដដែល និងនៅតែទទួលបានប្រាក់ចំណេញ៕