លោកឧកញ៉ា ម៉ន សុខាៈការវិនិយោគដីធ្លីបន្តរីកចម្រើន ប៉ុន្តែស្ថិតក្នុងដំណើរយឺតៗ

0

ដោយៈសុជាតា

ភ្នំពេញៈ ក្នុងបរិបទកូវីដ១៩ វិស័យជាច្រើនបានប៉ះពាល់ ប៉ុន្តែវិស័យអចលនទ្រព្យ ជាពិសេសការពុះដីឡូលក់ ក៏បន្តមានសកម្មភាពទិញ លក់ បើទោះបីជាតម្លៃទ្រឹង និងគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀត មិនទាន់ដំណើរការក្តី។

លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា និន្នាការអភិវឌ្ឍអចលនទ្រព្យក្នុងបរិបទកូវីដ១៩ ជាពិសេសការពុះដីឡូត៏ នៅតែកើតមានសម្រាប់អ្នកមានចំណូលមធ្យម និងចំណូលទាប ដែលបានធ្វើអោយវិស័យដីធ្លីបន្តរីកចំរើន ពីខេត្តមួយទៅខេត្តមួយ។

លោកបន្តថា សម្រាប់ឆ្នាំ២០២១នេះ ការទិញ លក់អចលនទ្រព្យ បានបន្តកើនឡើងនៅខេត្តកំពត ជាពិសេសទីក្រុងបូកគោ និងខេត្តកំពង់ឆ្នាំង ពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីតំបន់ឧត្តុង្គ រហូតដល់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

លោកឧកញ៉ាបន្ថែមទៀតថា “ការវិនិយោគដីធ្លី ទាមទារពេលវេលាពី៣ឆ្នាំទៅ៥ឆ្នាំ ដើម្បីទាញរកផលចំណេញបាន”។ លោកបន្តថា “អតិថិជនត្រូវសិក្សាពីចំណូលរបស់ខ្លូន ព្រមទាំងព័ត៌មានជាក់លាក់ ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នព៌តមាននានា ដើម្បីអាចរកផលចំណេញបាន”។

លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា ដើម្បីបញ្ចៀសហានិភ័យ អតិថិជនដែលចង់វិនិយោគដីធ្លី ត្រូវទាមទារយកប្លង់រ៉ឹង ដែលជាកម្មសិទ្ធិស្របច្បាប់ និងសិក្សាពីផែនការមេរបស់ម្ចាស់ដីឡូត៏ ដែលបានចុះបញ្ជីរត្រឹមត្រូវនៅក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាងនេះទៀត អតិថិជន ក៏គួរស្វែងរកអ្នកជួយផ្តល់ប្រឹក្សាយោបល់ខាងដីធ្លី និងអ្នកច្បាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here