ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្ស Prince Holding Group បានបោះទុនវិនិយោគដ៏ច្រើននៅកម្ពុជា និងកំពុងពង្រីកផែនការវិនិយោគ ទៅកាន់បណ្តាខេត្តមួយចំនួនទៀតនាពេលអនាគត។
នាយកទីផ្សារនៃក្រុមហ៊ុន Prince Holding Group លោក Liu Guodong បានមានប្រសាសន៍ឱ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ១០ពាន់លានដុល្លាររួចហើយនៅកម្ពុជា ជាមួយគម្រោងលំដាប់អន្តរជាតិចំនួន៤នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកបន្តថា “ជាមួយនឹងផែនការប្រកបដោយចក្ខុវិស័យ និងសក្តានុពលរបស់កម្ពុជា ដែលមានឱកាសរីកចម្រើនបន្ថែមទៀត ក្រុមហ៊ុននឹងពង្រីកទំហំទុនវិនិយោគកាន់តែច្រើនថែមទៀតនាពេលខាងមុខ”។
ទោះជាយ៉ាងណាលោកមិមបង្ហើបឲ្យដឹងពីគំរោងជាក់លាក់ និងទំហំទុនវិនិយោគដែលត្រូវចាក់បញ្ចួលលើទីផ្សារបន្ថែមទៀតនោះទេ។
លោកបន្តថា “នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកាសមួយសម្រាប់អ្នកទិញគម្រោង ដោយសារតែមានការបញ្ចុះតម្លៃ”។ លោកបន្តថា “អ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលខ្លួនចង់វិនិយោគ”។
លោក Liu Guodong បានបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង អាចនិយាយថាកម្ពុជារាងយឺតជាងគេបន្តិច ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជាអាចនឹងមានការអភិវឌ្ឍដូចប្រទេសជិតខាងដែរ”។
លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍របស់យើងនៅតែបន្ត និងទទួលបានការលក់ជាហូរហែរ ប៉ុន្តែយើងក៏ពិបាកនិយាយថាមិនមានការប៉ះពាល់ដល់ការលក់ដែរ នៅក្នុងដំណាក់កាលកូវីដ១៩ ប៉ុន្តែគម្រោងធំៗរបស់យើងនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើការអភិវឌ្ឍរបស់គម្រោងរបស់យើង៕