ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនបានដាក់ចេញនូវគោលដៅកាត់បន្ថយបំណុលជាអាទិភាពកំពូល ដើម្បីគេចពីចំណាត់ការ

0

ដោយៈសុខុម

ប៉េកាំង: ក្រុមអ្នកវិភាគលើកឡើងថា ការកាត់បន្ថយបំណុល នឹងក្លាយជាអាទិភាពកំពូល សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន រហូតដល់ឆ្នាំ២០២៣ ហើយក្រុមហ៊ុនជាច្រើន កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន ព្រោះមិនចង់ធ្លាក់ក្រោម ចំណាត់ការពិនិត្យពិច័យបន្ថែមទៀតពីក្រុមនិយតករ ដែលប្តេជ្ញាជួយស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុក្នុងវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៣០ សីហា នេះឱ្យដឹងថា ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើន ព្យាយាមកាត់បន្ថយការខ្ចីប្រាក់ និងបំណុល ក្រុមអ្នកសង្កេតការណ៍ទីផ្សារក៏រំពឹងដែរថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យចិនដីគោក នឹងមិនសម្រុកខ្លាំងដូចមុនឡើយ នៅក្នុងផែនការពង្រីកអាជីវកម្មរបស់ខ្លួន ដោយសារប្រាក់ចំណេញដុលរបស់ពួកគេ ត្រូវបានបាត់បង់ដោយសារវិធានការជាបន្តបន្ទាប់ពីក្រុមនិយ័តករ ដើម្បីទប់ស្កាត់តម្លៃផ្ទះដែលហក់ឡើងខ្ពស់។

លោក Alvin Cheung Chi-wan នាយករងក្រុមហ៊ុន Prudential Brokerage បានលើកឡើងថា “ការកាត់បន្ថយបំណុល នឹងក្លាយជាអាទិភាពចម្បង ដែលត្រូវផ្តោតយកចិត្តទុកដាក់ជាសំខាន់ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបារម្ភខ្លាចក្លាយជាគោលដៅចាត់វិធានការរបស់ក្រុមនិយ័តករ”។

លោកបានបន្ថែមថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ក៏មិនចង់មានជោគវាសនាអាក្រក់ក្រុមហ៊ុនChina Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ ប្រចាំប្រទេសចិននោះដែរ។

ចាប់តាំងពីរដ្ឋាភិបាលចិនបានដាក់ចេញ “ខ្សែបន្ទាប់ក្រហមទាំង៣” កាលពីខែសីហា ឆ្នាំ២០២០ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក បានចាត់វិធានការផ្ទាល់ខ្លួន ធ្វើយ៉ាងណាបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវទាំងនោះ។ ប្រសិនបើបំពេញមិនបានតាម “ខ្សែបន្ទាប់ក្រហមទាំង៣”ទេនោះ ក្រុមហ៊ុនទាំងនោះនឹងគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចីធនាគារថ្មីឡើយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា រួមទាំង ក្រុមហ៊ុន China Evergrande ផង ដែលធ្លាក់តេស្ត ឬមិនគ្រប់តាមលក្ខខណ្ឌ មានពេលរហូតដល់ឆ្នាំ២០២៣ ដើម្បីបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវទាំងនេះ ខណៈក្រុមអ្នកធ្វើគោលនយោបាយព្យាយាម គ្រប់គ្រងតម្លៃផ្ទះ គ្រប់គ្រងទីផ្សារដីធ្លី និងគ្រប់គ្រងការផ្ដល់ប្រាក់កម្ចីដល់វិស័យនេះ ឱ្យបានកាន់តែណែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here