រដ្ឋាភិបាលកម្ពុជាប្រើប្រាស់កម្ចីជិត៣ពាន់លានដុល្លារពីចិនដើម្បីសាងសង់ផ្លូវ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចិនបានក្លាយជាប្រទេសសំខាន់មួយ ក្នុងការផ្ដល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវនិងស្ពានជាដើម ជាក់ស្ដែងមកដល់ពេលនេះ ចិនបានផ្ដល់កម្ចី ប្រមាណជិត៣ពាន់លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាននិងផ្លូវ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅព្រឹកថ្ងៃទី ៣០ សីហា២០២១កន្លងមកថា ផ្លូវសំខាន់ៗដែលជាកម្ចីរបស់ប្រទេសចិនរួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិ៥៧ ផ្លូវ៥៨ ផ្លូវលេខ៦ ផ្លូវ៨ ផ្លូវលេខ៩ផ្លូវ១០ ផ្លូវ៣១ ផ្លូវ៣៣ ផ្លូវ៤១ និងផ្លូវជាច្រើនទៀត ។ ក្រៅពីប្រទេសក៏មានប្រទេសជប៉ុន ក៏រួមចំណែកក្នុងការផ្ដល់ប្រាក់កម្ចី ក៏ដូចជាជំនួយឥតសំណងដល់កម្ពុជា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា ចំណែកប្រទេសកូរ៉េខាងត្បូង ក៏បានផ្ដល់កម្ចីនិងជំនួយឥតសំណងដល់កម្ពុជាក្នុងការសាងសង់ផ្លូវផងដែរ ។ យើងមិនភ្លេចផងដែរ នូវធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកផងដែរ ដែលបានផ្ដល់ប្រាក់កម្ចី សម្រាប់សាងសង់ផ្លូវនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា “ក្នុងចំណោមប្រទេសទាំងអស់ឃើញថា ចិនជាអ្នកផ្ដល់ប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ សម្រាប់សាងសង់ផ្លូវ ស្ពានជាច្រើនខ្សែ”។ លោកបន្ថែមថា “យើងមិនរើសអើង នូវប្រាក់កម្ចីពីប្រទេសណានោះទេ សម្រាប់យកមកអភិវឌ្ឍន៍ហើយប្រទេសជិតខាងយើងដូចជាវៀតណាម និងថៃ ក៏បានផ្ដល់ប្រាក់កម្ចីសម្រាប់សាងសង់ផ្លូវនៅជាយដែន នៃប្រទេសកម្ពុជាផងដែរ ដែលជាការសម្រួល ដល់ដល់ការដឹកជញ្ជូននិងធ្វើដំណើរ”។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ ក្នុងការស្ដារនិងជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញនូវទេសចរជាតិ និងអន្តរជាតិ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនជាតិអន្តរជាតិ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចទាក់ទាញនូវការវិនិយោគ និងជំរុញនូវសក្ដានុពលវិនិយោគនៅក្នុងតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងផ្លូវជាតិលេខ៣ ក្រោយការសាងសង់រួចរាល់ បានទាក់ទាញកាន់តែខ្លាំង សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងវិស័យផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here