ដោយវុត្ថា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននិមួយៗក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលគាត់បានសិក្សាកន្លងមក។
ADBប្រកាសផ្តល់ប្រាក់កម្ចីនេះ ទៅដល់រោងមាស៊ីនធ្វើឡើងនៅក្នុងជំនួបជាមួយ លោកមូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Ung Malar មកពីស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍន៍SBK ជួបពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍វិស័យស្រូវអង្ករ (Rice Sector Development Program) ក្រោមប្រភពទុនពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា។
-->
លោកUng Malar បានមានប្រសាសន៍ថា កន្លងមកគម្រោងនេះបានសិក្សានៅលើខេត្តចំនួន៣ រួមមានខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន៩០(ក្នុងមួយខេត្ត៣០ភូមិ) និងមានប្រព័ន្ធស្រោចស្រប ដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់១០៣០០ហិចតា ដោយបានសហការជាមួយក្រសួងមួយចំនួន ដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា ដូចជា ទី១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើផែនការក្សេត្តបរិស្ថាន ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី ជាដើម។
ទី២ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋាន ជាដើម។
ពិសេសគម្រោងនេះខាងADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននិមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលគាត់បានសិក្សាកន្លងមក។
សេចក្តីប្រកាសព៌តមានរបស់ADBបានឲ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាព របស់វិស័យស្រូវអង្ករកម្ពុជា ដោយក្នុងឱកាសនោះដែរ លោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើន នៃវិស័យស្រូវអង្ករកម្ពុជា និងការងារមួយចំនួនទៀត ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឱ្យកាន់តែច្រើន។ ពិសេសការជួយពិនិត្យលទ្ធភាព ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្ម នៅមានការខ្វះខាតដើមទុនច្រើន ពិសេសដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្ម កសិកម្មបានដោយខ្លួនឯង៕