ដោយៈតារារះ
ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យ ពិសេសការវិនិយោគក្នុងវិស័យនេះ កំពុងតែមានប្រជាប្រិយភាពខ្ពស់ លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើង៤ចំណុចទាក់ទងនឹងវិស័យនេះ។
លោកឧកញ៉ាបានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១ កញ្ញាកន្លងមកងា មានបងប្អូនខ្មែរយើងជាច្រើនដែលមានការយល់ច្រឡំ លើចំណុចមួយចំនួនដូចជា ទី១ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វេីជាភ្នាក់ងារអចលនទ្រព្យបានយ៉ាងងាយស្រួល។ ហើយកាន់តែយល់ច្រឡំថា ភ្នាក់ងារអចលនទ្រព្យ គឺជាអាជីពងាយស្រួល ហើយរកលុយបានច្រើន តែតាមពិតទៅការងារនេះត្រូវការចំណេះដឹង ជំនាញ ការខំប្រឹងធ្វើការគ្មានសៅរ៍ អាទិត្យ ការឈ្លាសវៃ និងកត្តាផ្សេងៗទៀត។
ទី២ អ្នកអភិវឌ្ឍន៍បុរីចំណេញលុយច្រើនជាងអ្នកវិនិយោគដី តែតាមពិតទៅ មានអ្នកមានពីការវិនិយោគដីជាច្រើន ដែលចំណេញលុយច្រើនជាងអ្នកអភិវឌ្ឍន៍បុរី តែការលក់ដីដែលបានចំណេញដ៏មហិមានោះ មិនត្រូវបានគេផ្សព្វផ្សាយតែប៉ុណ្ណោះ ហើយគ្រាន់តែអ្នកចំណេញពីការវិនិយោគដី មិនសូវមានមុខមាត់ ដូចនឹងអ្នកអភិវឌ្ឍន៍តែប៉ុ ណ្នោះ។
ទី៣ ការនៅក្បែរអ្នកមាន និងអ្នកមានឥទ្ធិពលហើយថតរូបបង្ហោះ គឺជាអ្នកជោគជ័យលើជំនួញ ដែលតាមពិតទៅក្រុមហ៊ុនគាត់កំពុងតែជួបវិបត្តផងដែរ។ និងទី៤ យល់ច្រឡំថា លោកសំ សុខនឿន មានតែក្រុមហ៊ុនភ្នាក់ងារ តែតាមពិតទៅលោក សំ សុខនឿន ជាអ្នកវិនិយោគដីធ្លី ជាអ្នកអភិវឌ្ឍន៍ ជាភ្នាក់ងារ ហើយនឹងមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យក្នុងពេលឆាប់ៗនេះផងដែរ៕