ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកជំនាញបានថ្លែងថា ចរន្តទិញលក់ដីធ្លីនៅខេត្តមណ្ឌលគិរី បានកើនឡើងខ្ពស់ ប៉ុន្តែតម្លៃមិនហក់ឡើងច្រើនឡើយ បើធៀបនឹងមុនពេលរដ្ឋាភិបាលប្រកាសសាងសង់ព្រលានយន្តហោះនៅខេត្តនេះ។
លោកមាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣ កញ្ញានេះថា ជាការកត់សម្គាល់តម្លៃដីធ្លី នៅក្នុងខេត្តមណ្ឌលគីរី មិនមានការកើនឡើងខ្ពស់នោះទេ ក្រោយពេលមានដំណឹង ពីគម្រោងសាងសង់ព្រលាយន្តហោះ នៅក្នុងខេត្តមួយនេះ ។
លោកបន្តថា “ដីធ្លីនៅក្បែរៗគម្រោងសាងសង់ ព្រលានយន្តហោះខេត្តមណ្ឌលគីរីមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ហើយតម្លៃគឺបានកើនឡើងតិចប៉ុណ្ណោះ”។
លោកបន្តថា សម្រាប់ដីធ្លីក្នុងខេត្តនេះ ក្រៅពីក្បែរតំបន់ព្រលានយន្តហោះ មានការចាប់អារម្មណ៍ខ្ពស់ជាពិសេសនៅតំបន់ ដែលមានរមណីយដ្ឋាន ដែលអ្នកទិញដីធ្លីគឺជាអ្នកអភិវឌ្ឍន៍ដែលមានន័យថា ទិញហើយអភិវឌ្ឍន៍ជាលំនៅឋានលំហែកាយភ្លាម មិនមែនជាការទិញដីសម្រាប់ទុកយកចំណេញនៅពេលអនាគតឡើយ។
លោកបន្តថា “អ្នកទិញដីអភិវឌ្ឍន៍ភាគច្រើន ជាអ្នកដែលមានលុយស្រាប់ ឬក៏អ្នកដែលមានដីនៅខេត្តផ្សេង ហើយលក់យកលុយមកទិញដី នៅមណ្ឌលគីរីនិងអភិវឌ្ឍន៍ភ្លាមៗតែម្ដង”។
លោកបន្ថែមថា ក្រៅពីអ្នកអភិវឌ្ឍន៍ក្នុងស្រុកហើយ បច្ចុប្បន្នខេត្តនេះក៏ទទួលបានវិនិយោគិនចិនច្រើនផងដែរ ហើយក៏អាចនិយាយថា បានបន្ទាប់ពីខេត្តព្រះសីហនុ គឺខេត្តមណ្ឌលគីរី ក៏មានវិនិយោគិចិនច្រើនដែរ ហើយក៏ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តភូមិភាគឦសានមួយនេះ ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា មណ្ឌលគីរីគឹជាខេត្តមួយដែលមានការទាក់ទាញការវិនិយោគលើលំនៅឋានលំហែកាយ ដោយសារតែតំបន់មួយនេះ សំបូរដោយរមណីយដ្ឋានធម្មជាតិជាច្រើន រួមជាមួយនឹងរមណីយដ្ឋានកែច្នៃជាច្រើនកន្លែងផងដែរ ។
លោកបន្តថា “តំបន់នេះសំបូរដោយធនធានធម្មជាតិ ភ្នំ ព្រៃឈើ និងទឹកជ្រោះជាដើម ដែលជាកត្តាទាក់ទាញសម្រាប់ទេសចរជាតិនិងអន្តរជាតិ”៕