វិភាគៈហេតុអ្វីវិស័យអចលនទ្រព្យកម្ពុជាមិនរងគ្រោះធ្ងន់ធ្ងរខ្លាំង ទោះរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល

0

ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ អ្នកជំនាញ និងអ្នកវិភាគឯករាជ្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា វិស័យអចលនទ្រព្យកម្ពុជា ពិតជារងផលប៉ះពាល់ ប៉ុន្តែមិនមានសញ្ញាអាក្រក់ខ្លាំងដូចប្រទេសមួយចំនួននៅក្នុងតំបន់ឡើយ។

ការសាងសង់បុរីតូចធំ ភាគច្រើនលើសលុបនៅតែបន្ត រថយន្តដឹកថ្ម នៅតែបើកបន្តកន្ទុយគ្នានៅលើមហាវិថីឈ្នះ ឈ្នះ (ផ្លូវកប់ស្រូវ) និងសកម្មភាពទិញលក់នៅតែដំណើរការ ទោះបីមិនមានកំនើនខ្ពស់ក៏ដោយ។

ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រព៌តមានហិរញ្ញវត្ថុ និងសេដ្ឋកិច្ច Cambodiafinancialtimes.com លោកយិន លាងគង់ ដែលបានតាមដានការវិវត្តន៍របស់វិស័យនេះ បានលើកនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីចែករំលែកជាទស្សនទាន។

កត្តាទំនុកចិត្ត
ការទិញលក់អចលនទ្រព្យ ពិសេសផ្នែកដីធ្លីនៅតែមានភាពសកម្មជាងគេ ដោយសា​រទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនៅតែមើលឃើញថា​សេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញលឿន បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ បើទោះបីជាឆ្នាំ២០២០កន្លងមក សេដ្ឋកិច្ចកម្ពុជាដក៣,៥០ភាគរយក្តី តែឆ្នាំនេះសេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងក្នុងរង្វង់៣ភាគរយ ហើយបើសេណារីយោអាក្រក់ កំនើនសេដ្ឋកិច្ចឆ្នាំនេះនឹងសម្រេ ចបានត្រឹម១ភាករយ តាមការព្យាករណ៍របស់ធនាគារពិភពលោក។

ជំនឿចិត្តបែបនេះហើយ ទើបបានជាប្រជាជន អ្នកមានលំហូរសាច់ប្រាក់ល្អ ឬអ្នកចេះប្រើប្រាស់បំណុលបានបន្តវិនិយោគបន្ថែម។

សន្តិភាពនិងស្ថេរភាពនយោបាយ
គ្មានសន្តិភាព និងស្ថេរភាពនយោបាយ កុំថាឡើយដីឡើងថ្លៃ កុំថាឡើងមានអារម្មណ៍វិនិយោគ សូម្បីតែលុយដែលកប់ទុកនៅធនាគារ ក៏ត្រូវដកយកមកទុកដែរ ពិសេ​សវិនិយោគិនបរទេស នឹងមិនសម្លឹងមកកាន់កម្ពុជា ក៏ដូចជាប្រទេសណាដែលពួកគេគ្មានអារម្មណ៍មានសុវត្ថិភាពទាំងផ្លួវកាយ ផ្លួវចិត្ត និងសុវត្តិភាពលុយរបស់ពួកគេដែរ។

ហេតុនេះសុខសន្តិភាព ស្ថេរភាពនយោបាយ ពិតជាមានតម្លៃសំរាប់អាយុជីវិត និងសេដ្ឋកិច្ចរបស់ជាតិ។

ប្រើប្រាស់លុយហោប៉ៅខ្លួនឯង
ដោយសារធ្លាប់លំបាក ធ្លាប់ក្រីក្រ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើន ពូកែសន្សំលុយ មិនហ៊ានចាយវាយផ្តេសផ្តាសឡើយ។

ដោយសារការសន្សំលុយនេះហើយ ទើបបានជាប្រជាជនកម្ពុជាភាគច្រើនបានប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន យកមកវិនិយោគលើវិស័យអចលនទ្រព្យ នៅតែបន្តមានភាពសកម្ម ពិសេសពួកគេមិនលក់ចេញ ក្នុងតម្លៃទាបក្រោមទីផ្សារ (លើកលែងអ្នកមានបញ្ហាលំហូរសាច់ប្រាក់)។

ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន សំរាប់វិនិយោគលើវិស័យអចលនទ្រព្យ ផ្តល់នូវមូលដ្ឋានសំខាន់ជាច្រើនរួមមាន ទី១ មិនធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ទី២ មិនធ្វើឲ្យទីផ្សារអចលនទ្រព្យជាប់គាំង ទី៣ មិនធ្វើឲ្យមានវិបត្តិហិរញ្ញវត្ថុកើតឡើង និងទី៤ ធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យសុខភាពក្នុងវិស័យអចល នទ្រព្យរ៉ឹងមាំ។

ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល
ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យរដ្ឋាភិបាលកាត់បន្ថយ ការចំណាយតាមស្ថាប័នជាតិមួយចំនួនក្តី ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះខេត្តសៀមរាប ការកសាងផ្លួវ៣៨ខ្សែនៅក្រុងសៀមរាប ការស្ថាបនាផ្លូវជាតិលេខ១០ជាដើម នៅតែបន្តដំណើរការយ៉ាងសកម្ម។

មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ទាំងនេះហើយ ដែលមិនត្រឹមតែជួយដល់កំនើន​សេដ្ឋកិច្ចជាតិ កាត់បន្ថយបញ្ហាប្រឈមក្នុងសេដ្ឋកិច្ច ប៉ុន្តែបានជួយធ្វើឲ្យវិស័យអចលន ទ្រព្យ ពីសេសដីធ្លីកើនឡើងជាបន្តបន្ទាប់ (នៅតំបន់មួយចំនួន)​ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ក្តី។

គោលនយោបាយលើកទឹកចិត្ត
ជាមួយនឹងគោលនយោបាយបើកចំហជើងមេឃ ការបើកចំហផ្នែកសេដ្ឋកិច្ច តាមរយៈការរៀបចំំច្បាប់បទដ្ឋានគតិយុត្តិនានា បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិនៅតែបន្តវិនិយោគ និងពង្រីកមូលដ្ឋានវិនិយោគរបស់ពួកគេនៅកម្ពុជាកាន់តែច្រើនផងដែរ។

ការលើកទឹកចិត្តផ្នែកពន្ឋ ការសម្រួលក្នុងការយកប្រាក់ចំណេញត្រលប់ទៅវិញ ការប្រើប្រាស់ដុល្លារយ៉ាងសេរី និងការអនុញ្ញាត្តឲ្យជនបរទេស អាចបើកក្រុមហ៊ុនខ្លួនឯងបាន១០០ភាគរយក៏ជាផ្នែកសំខាន់ ក្នុងការរក្សាលំនឹងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំនេះ កម្ពុជាទាក់ទាញទុនវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជាង២៥០០លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here