រយៈពេល២៩ឆ្នាំរដ្ឋាភិបាលចុះហត្ថលេខាខ្ចីឥណទានសម្បទានថ្មីពីដៃគូអភិវឌ្ឍន៍ជិត១៥ពាន់លានដុល្លារ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩ នៅតែបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅឆមាសទី១នៃឆ្នាំ ២០២១នេះ កម្ពុជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីទេ។

ដោយសារតែកម្មវិធី គម្រោងអភិវឌ្ឍន៍ថ្មីទាំងនោះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិកក្សា និងរៀបចំហើយត្រូវបានពន្យារពេល ។ នេះបើតាមស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកញ្ញា២០២១នេះ ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា បើគិតពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ទឹកប្រាក់ចំនួន១៤,៨៤ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្ដប់ច្រើនជាងគេរហូតដល់៨៤ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ១៦ភាគរយ។

របាយការណ៍បង្ហាញថានៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្ដែង សរុបចំនួន៥៤៥,៩៦លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ៧៨ភាគរយ ស្មើនឹងទឹកប្រាក់៤២៦,៣៩លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគីមានចំនួន ប្រមាណ២២ភាគរយត្រូវនឹង១១៩,៥៧លានដុល្លារអាមេរិក។

បើគិតតាំងពីឆ្នាំ១៩៩៣ មកដល់ដំណាក់ឆមាសទី១ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានដកប្រាក់ប្រាក់ ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្ដែង ប្រមាណ១០,០៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៨ភាគរយនៃទំហំឥណទាំនសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានខាងលើ ក្នុងនោះ៨១ភាគរយត្រូវបានប្រើប្រាស់ដើម្បីហិរញ្ញប្បទាន លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩ភាគរយទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here