ដោយៈសហការី
ភ្នំពេញៈ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ កំពុងពេញនិយម ហើយមនុស្សជាច្រើនបានចាប់យកអាជីពនេះ ដោយសារវាវាជាវិស័យមួយ ដែលមានលុយច្រើន និងអាចជាប្រភពចំណូលមួយដ៏ល្អសម្រាប់អ្នក។
នាពេលបច្ចុប្បន្ននេះ ការវិនិយោគក្នុងវិស័យដីធ្លី និងផ្ទះ កំពុងកើនឡើងកាន់តែខ្លាំង នាំឲ្យល្បិចរកស៊ី ក្នុងវិស័យនេះក៏មានកាន់តែច្រើនដែរ ប៉ុន្តែនៅតែមានវិធីល្អៗជាច្រើនទៀតដែលអ្នកអាចយកមកប្រើ។
-->
យើងសូមណែនាំនូវសៀវភៅខាងក្រោមនេះ ដែលអាចផ្តល់ពន្លឺជូន លោកអ្នក។
១. The Book on Rental Property Investing ដោយលោក Brandon Turner
សៀវភៅនេះ សរសេរដោយអ្នកជំនួញក្នុងវិស័យដីធ្លី និងជាម្ចាស់វេបសាយវិនិយោគអចលនទ្រព្យដ៏ល្បីនៅអាមេរិច និងអឺរ៉ុប biggerpocket.com លោក Brandon ។

សៀវភៅដ៏ល្អនេះ រៀបរាប់អំពីការវិនិយោគប្រាក់ ក្នុងវិស័យអចលនវត្ថុ តាមរយៈការជួល។ អ្នកនិពន្ធពន្យល់គ្រប់យ៉ាង តាំងពីរបៀបមើលអចលនវត្ថុ និងការប្រើប្រាស់ហិរញ្ញវត្ថុ។
ប្រសិនបើអ្នកកំពុងសម្លឹងមើលឱកាសវិនិយោគ ក្នុងវិស័យជួលអចលនទ្រព្យ ឬអចលនវត្ថុ ក្នុងនាមជាអ្នកទើបចាប់ផ្តើមដំបូង សៀវភៅនេះល្អបំផុតសម្រាប់អ្នក។
២. The Book on Flipping Houses ដោយលោក J Scott
ជាមួយគ្នានេះ លោក J Scott គឺជាអ្នកជំនាញខាងទិញផ្ទះទុក ហើយលក់វិញក្នុងតម្លៃចំណេញខ្ពស់។

នៅក្នុងសៀវភៅនេះគាត់សរសេរអំពីវិធីសាស្ត្រ វិនិយោគអចលនវត្ថុ តាំងពីជំហានដំបូង ដូចជា វិធីស្វែងរកផ្ទះដែលចំណេញច្រើន រហូតដល់ជំហានទិញវាក្នុងតម្លៃទាប អភិវឌ្ឍវា និងលក់វាចេញវិញក្នុងតម្លៃខ្ពស់។
៣. Mastering the Art of Commercial Real Estate ដោយលោក Doug Marshall
សៀវភៅត្រូវបានសរសេរណែនាំពីតិចនិក វិនិយោគអចលនទ្រព្យ សម្រាប់ពាណិជ្ជកម្ម។ សម្រាប់ពាណិជ្ជកម្មមានន័យថា គេវិនិយោគប្រាក់ទិញដី សម្រាប់សាងសង់អាគារពាណិជ្ជកម្មសម្រាប់ជាការិយាល័យជួល ឃ្លាំងទំនិញ មជ្ឈមណ្ឌលព័ត៌មាន ហាងលក់រាយ ឬអាគារអាផាតមិន ពោលគឺមិនមែនជាការវិនិយោគ លើអចលនទ្រព្យសម្រាប់លក់ឲ្យឯកបុគ្គលដូចជាលំនៅដ្ឋាន ឬផ្ទះលំហែរទេ។

៤. The Millionaire Real Estate Investor ដោយលោក Gary Keller
ចំណែកសៀវភៅមួយក្បាលនេះ ត្រូវបានចងក្រងដោយប្រមូលផ្តុំតិចនិក វិនិយោគវិស័យអចលនទ្រព្យ របស់សេដ្ឋីអចលនទ្រព្យជាង១០០នាក់ ដែលសុទ្ឋតែជាអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ។

សៀវភៅដ៏ល្អមួយក្បាលនេះ បានរៀបរាប់ចំៗ អំពីការប្រើប្រាស់លុយ និងការវិនិយោគ ដែលអាចនាំផ្លូវទៅរកភាពជោគជ័យក្លាយជាសេដ្ឋីអចលនទ្រព្យ៕