ដោយៈវឌ្ឍនៈ
ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារទៅកាន់មេដឹកនាំ នៃបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ពន្លឿនការអនុវត្តកម្មវិធីសហប្រតិបត្តិការ ដើម្បីធានាការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់នេះបានឆាប់រហ័ស។
សម្តេចតេជោបានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧កាលពីថ្ងៃទី៩ កញ្ញា២០២១នេះឱ្យដឹងថា បច្ចុប្បន្ន ទោះបីជាយើងរំពឹងថាវិបត្តិជំងឺកូវីដ១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះនិងការពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរក៏ដោយ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យ នៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាព សង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាពសាធារណរំហូរទេសចរណ៍ រហូតដល់ការរអាក់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពិភពលោក។
សម្ដេចមានប្រសាសន៍បន្តថា “ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពុជាសាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគី ដើម្បីធានានូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់”។
សម្ដេចតេជោបានបន្ថែមថា ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ មហាអនុតំបន់មេគង្គ ជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមាន លើគ្រប់វិស័យដែលបានរួមចំណែកដល់ការតភ្ជាប់តំបន់ ជាការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្តបានពេញលេញ នូវក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេង្គឆ្នាំ២០២២ ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌវិនិយោគ តំបន់ ចាប់ពីកិច្ចប្រជុំកំពូលលើកទី៦នៅឆ្នាំ២០១៨ មកដល់ពេលនេះ។
តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើង ពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីប្រែក្លាយជាគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់យើង ។
សម្ដេចមានប្រសាសន៍បន្ថែមទៀតថា សម្ដេចមានជំនឿថាការអនុម័ត ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីៈ កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែលផ្ដោតសារសំខាន់លើកម្លាំងស្នូលនៃសហគមន៍ ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការប្រកាន់យកនូវគោលការណ៍ គន្លឹះនៃចីរភាពនិងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុងនិងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាតំបន់មេគង្គ ដែលមានអនាគតរួមគ្នា នឹងក្លាយជាសសរស្តម្ភ ដ៏រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈម បច្ចុប្បន្នជាពិសេសជួយពង្រឹងភាពធន់ នៃសេដ្ឋកិច្ចនិងសង្គម ក្នុងបរិការណ៍ដែលតំបន់ និងសកលលោកកំពុងប្រែប្រួលយ់ាងឆាប់រហ័សបែបនេះ៕